ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានបញ្ជូនរថពាសដែកចំនួន ៤គ្រឿងចូលទៅក្នុងមន្ទីរពេទ្យ Nasser ភ្លាមៗបន្ទាប់ពីខ្លួនបានដកកងទ័ព ចេញពីកន្លែងនោះក្នុងរយៈពេលខ្លី។
ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា កងកម្លាំងទាហានអ៊ីស្រាអែលបានបំប្លែងអគារនេះ ទៅជាបន្ទាយយោធាឆ្លងកាត់ការឡោមព័ទ្ធ និងការវាយប្រហារជាច្រើនថ្ងៃ។
របាយការណ៍មុនដោយសារព័ត៌មាន Channel១៣ របស់អ៊ីស្រាអែល បានអះអាងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ចប់ប្រតិបត្តិការ របស់ពួកគេនៅមន្ទីរពេទ្យ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ស៊ីនហួឲ្យដឹងផងដែរថា មន្ទីរពេទ្យបានផ្ទុកអ្នករបួស និងអ្នកជំងឺជាង ១២០ នាក់ ព្រមទាំងក្រុមវេជ្ជសាស្រ្ដ។
លោកបានកត់សម្គាល់ថា ក្នុងអំឡុងពេលនៃការឡោមព័ទ្ធមន្ទីរពេទ្យ ដែលជាមន្ទីរពេទ្យធំទីពីរនៅហ្គាហ្សាស្ទ្រីប “មិនមានអគ្គិសនីទឹកអាហារអុកស៊ីសែន និងការថែទាំវេជ្ជសាស្រ្តត្រឹមត្រូវ សម្រាប់ករណីជំងឺធ្ងន់ធ្ងរ” ។
លោកបានជំរុញឱ្យអង្គការសុខភាព ពិភពលោកប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីដាក់សម្ពាធលើប្រទេសអ៊ីស្រាអែលឱ្យបញ្ចប់ “ការធ្វើយោធានៃមន្ទីរពេទ្យ និងផ្តល់នូវតម្រូវការមនុស្សធម៌ និងផ្នែកវេជ្ជសាស្ត្រទាំងអស់” ៕
ប្រែសម្រួល ឈូក បូរ៉ា