ព័ត៌មានអន្តរជាតិ

អ្នកជំនាញហ្សាំប៊ី៖ សេដ្ឋកិច្ចចិន នៅតែជាសសរស្តម្ភពិភពលោក

Xinhua

លូសាកា៖ សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែមានសន្ទុះ ហើយគំនិតផ្តួចផ្តើម ដែលចិនបានស្នើឡើង គឺមានប្រយោជន៍សម្រាប់ពិភពលោក ។ អ្នកជំនាញជនជាតិ ហ្សាំប៊ី បានប្រាប់កាសែតស៊ិនហួ នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

លោក Kelvin Chisanga សេដ្ឋវិទូសង្គម ដែលមានមូលដ្ឋាននៅទីក្រុងលូសាកា បានឲ្យដឹងថា គំរូសេដ្ឋកិច្ចរបស់ចិន បានធ្វើឱ្យប្រទេសនេះមានភាពធន់ បើទោះបីជាមានយុទ្ធនាការអវិជ្ជមាន ជាបន្តបន្ទាប់ដោយប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចមួយចំនួនក៏ដោយ។

លោក Chisanga បានលើកឡើងថា “សេដ្ឋកិច្ចចិន នៅតែមានសន្ទុះខ្លាំង” ដោយបន្ថែមថាអ្វីដែលចិន បានធ្វើជាមួយសេដ្ឋកិច្ច របស់ខ្លួន គឺគួរអោយចាប់អារម្មណ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ដោយកត់សម្គាល់ថាប្រទេសចិន បានកសាងមូលដ្ឋានរឹងមាំនៃការអភិវឌ្ឍន៍ជំនាញ ឧស្សាហូបនីយកម្ម និងភាពជាដៃគូដ៏រឹងមាំ លោកបានឲ្យដឹងថា ប្រទេសចិន នៅតែជាអ្នកចូលរួមដ៏សំខាន់នៅក្នុងទីផ្សារពិភពលោក។

អ្នកជំនាញរូបនេះបានឲ្យដឹងថា ហ្សាំប៊ី និងបណ្តាប្រទេសអាហ្វ្រិកផ្សេងទៀតបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាដៃគូបន្ថែមទៀត ជាមួយប្រទេសចិន និងទទួលបានអត្ថប្រយោជន៍ទៅវិញ ទៅមក ពីសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិន ដោយបន្ថែមថាបណ្តាប្រទេសអាហ្វ្រិក គួរតែធានាថា ពួកគេស្វែងរកមធ្យោបាយ អន្តរកម្មជាមួយប្រទេសចិន ក្នុងវិស័យផ្សេងៗ។

លោក Chisanga បានបន្ថែមថា ប្រទេសចិនបានបង្ហាញពីមិត្តភាព និងសុច្ឆន្ទៈរបស់ខ្លួនឆ្ពោះទៅកាន់ទ្វីប តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top