ឡុងដ៍៖ កាសែត Financial Times (FT) ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្កោលទោស ចំពោះអ្វីដែលហៅថា “ការភ័យខ្លាចរបស់ចិន” ក្នុងចំណោមសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោក ខាងលិចមួយចំនួន ។
ជាការឆ្លើយតបទៅនឹងការរិះគន់ របស់សហរដ្ឋអាមេរិក ចំពោះទំនាក់ទំនងរបស់ប្រទេស របស់គាត់ជាមួយទីក្រុងប៉េកាំង លោក អ៊ីប្រាហ៊ីម មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាម៉ាឡេស៊ី នឹង “រើសយកការឈ្លោះប្រកែកគ្នា” ជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ខ្លួន នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យនៅលើគេហទំព័រ FT ។
លោកបានឲ្យដឹងនៅ ក្នុងបទសម្ភាសន៍ជាមួយ FT នៅទីក្រុង Penang ដែលជាស្រុកកំណើត របស់លោកនៅភាគខាងជើង ប្រទេសម៉ាឡេស៊ីថា “ហេតុអ្វីបានជាខ្ញុំត្រូវចងភ្ជាប់ទៅនឹងផល ប្រយោជន៍តែមួយ?
លោក អាន់វ៉ា បានលើកឡើងថា លោកបានប្រាប់អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានឲ្យដឹងថា “យើងជាប្រទេសតូចមួយ ដែលតស៊ូ ដើម្បីរស់រានមានជីវិតនៅក្នុងពិភពលោកដ៏ស្មុគស្មាញ ខ្ញុំចង់ផ្តោតលើអ្វីដែលល្អបំផុត សម្រាប់យើង”។
លោក អាន់វ៉ា បានឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ដោយហៅប្រទេសចិន ថាជាអ្នកជិតខាងដ៏សំខាន់ លោក បានបន្ដថា រដ្ឋាភិបាល របស់លោក នឹងផ្តល់អាទិភាព ក្នុងការពង្រឹងទំនាក់ទំនង ជាមួយប្រទេសចិន ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងវប្បធម៌ ៕
ប្រែសម្រួល ឈូក បូរ៉ា