ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជាង៧៦ម៉ឺនដុល្លារ ដល់អង្គភាព៣នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា សរុបចំនួន ៧៦៨,៦២៧ ដុល្លារ ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅ រដ្ឋាភិបាលជប៉ុន ក្នុងការបន្តជួយអភិវឌ្ឍន៍កម្ពុជា

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ កុម្ភៈ ដោយលោក តានីណៃ អ៊ីឈិតូមុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័ន ទទួលជំនួយទាំង៣ ។

ជំនួយនេះសម្រាប់អនុវត្តគម្រោង៣ គឺ១-ការលើកកម្ពស់ការអប់រំបរិស្ថាន សម្រាប់កុមារតូច ក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា (ថវិកាជំនួយ ១៦០,១៤០ ដុល្លារ) ស្ថាប័នទទួលជំនួយ៖ អង្គការមិនរកប្រាក់ចំណេញ Nature Center Risen ។ នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងធ្វើសកម្មភាព ដើម្បីផ្សព្វផ្សាយការអប់រំបរិស្ថាន ចាប់ពីវ័យកុមារភាព នៅសាលាមត្តេយ្យ មួយចំនួន ក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហា ដែលកាន់តែលំបាកទៅៗ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច ។ គម្រោងនេះមានគោលបំណង លើកកម្ពស់ការរស់នៅជាមួយធម្មជាតិ សម្រាប់កុមារ និងមាតាបិតារបស់ពួកគេ ។

២- លើកកម្ពស់លទ្ធភាពទទួលបាន និងគុណភាព នៃការអប់រំកុមារតូច របស់សាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ” (ថវិកាចំនួន ៤១៤,៧៥៦ ដុល្លារ) ស្ថាប័នទទួលជំនួយ ៖ អង្គការសន្តិស្ម័គ្រចិត្ត (SVA) ។ នៅក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្តនឹងកែលម្អបរិយាកាសអប់រំទាំងបុគ្គល និងបរិក្ខារ ដែលគាំទ្រដល់កុមារតូចៗ ដើម្បីដោះស្រាយគម្លាត នៃការអប់រំរវាងទីក្រុង និងតំបន់ជនបទ។

៣- គម្រោងលើកកម្ពស់ប្រព័ន្ធ កិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដ នៅក្នុងតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា តាមរយៈការពង្រឹងការអនុវត្តការវះកាត់” (ថវិកាចំនួន ១៩៣,៧៣១ ដុល្លារ) ស្ថាប័នទទួលជំនួយ ៖ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។ នៅក្នុងគម្រោងនេះ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និង ជំនួយសង្គ្រោះអន្តរជាតិ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា ដោយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ ដើម្បីបម្រើជាមជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់ការវះកាត់។

សូមបញ្ជាក់ថា ជំនួយឥតសំណង សម្រាប់គម្រោងអង្គការ ក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រ ដល់សកម្មភាពរបស់អង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន ។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៥៤លានដុល្លារ ដល់គម្រោងចំនួន ១៥៦ ដែលផ្ដោតសំខាន់ ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន ក្នុងប្រទេសកម្ពុជា៕

To Top