ភ្នំពេញ៖ នាយកប្រចាំតំបន់ លើការងារហេដ្ឋារចនាសម្ព័ន្ធ របស់ធនាគារពិភពលោក លោកស្រី Sudeshna Ghosh Banerjee ស្នើសុំឱកាសចូលរួមអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជាស្របតាមយុទ្ធសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានមហិច្ឆតាបង្កើនថាមពលបៃតង និងពង្រីកវិសាលភាពការផ្គត់ផ្គង់អគ្គិសនី ទៅគ្រប់កន្លែងនៅជនបទ។ នេះបើយោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុក របស់ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ជាមួយលោកស្រី Sudeshna Ghosh Banerjee នាយកប្រចាំតំបន់ លើការងារហេដ្ឋារចនាសម្ព័ន្ធ របស់ធនាគារពិភពលោក បានឱ្យដឹងថា ធនាគារពិភពលោក កោតសរសើរការរីកចម្រើន យ៉ាងឆាប់រហ័សរបស់វិស័យអគ្គិសនី នៅកម្ពុជា៕