ព័ត៌មានជាតិ

សម្ដេចធិបតី ជំរុញធនាគារ Maybank បន្ដសហការជាមួយធនាគារជាតិកម្ពុជា ដើម្បីជាកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញធនាគារ Maybank បន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយធនាគារជាតិកម្ពុជា ដើម្បីជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនាឱកាស​អនុញ្ញាតឱ្យលោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកប្រធាន និងជានាយកប្រតិបត្តិ បានបង្ហាញពីក្ដីសោមនស្សរីករាយដែលបានស្ដាប់នូវខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យ របស់សម្ដេចធិបតីនៅក្នុងវេទិកាធុរកិច្ច កម្ពុជា-ម៉ាឡេស៊ី ឆ្នាំ ២០២៤ ហើយលោកពិតជាមានការស្ងប់ស្ងែងចំពោះសម្ដេចធិបតី ដែលជាមេដឹកនាំមួយរូបដែលពោរពេញដោយភាពឆ្លាតវៃ មានការយល់ដឹងស៊ីជម្រៅអំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធាន និងជានាយកប្រតិបត្តិ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះធនាគារ May Bank ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាចាប់ពីដើមទសវត្សរ៍ ឆ្នាំ១៩៩០។

សម្ដេចធិបតី បានជំរុញឱ្យធនាគារបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយធនាគារជាតិកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើការទូទាត់ឆ្លងកាត់ធនាគារ សំដៅជំរុញវិស័យហិរញ្ញវត្ថុ និងធនាគារ ដើរតួនាទីកាន់តែសំខាន់បន្ថែមទៀត ជាសសៃឈាម និងជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បីជាផលប្រយោជន៍នៃការវិនិយោគរបស់ធនាគារនៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់ធនាគារពិនិត្យលទ្ធភាពលើការវិនិយោគ លើការកសាងប្រព័ន្ធអេកូស៊ីស្ទឹមអាហារហាឡាល់នៅកម្ពុជា ពីព្រោះធនាគារជាតួអង្គមួយយ៉ាងសំខាន់ នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលនឹងជួយសម្របសម្រួលដល់ អតិថិជន និងតួអង្គពាក់ព័ន្ធនានាក្នុងប្រព័ន្ធនេះ និងបានជំរុញឱ្យធានាគារសហការជាមួយស្ថាប័នពាក់ព័ន្ធ នៅកម្ពុជា ដើម្បីជំរុញបង្កើតឧស្សាហកម្មអាហារហាឡាល់ ជាឧស្សាហកម្មមួយដែលមានសក្ដានុពល គាំទ្រដល់វិស័យសំខាន់ៗមួយចំនួនទៀត និងគាំទ្រដល់ការនាំចេញផលិតផលហាឡាល់ពីកម្ពុជាទៅកាន់ទីផ្សាអន្តរជាតិ៕

To Top