ព័ត៌មានជាតិ

ព្រះមហាក្សត្រ៖ ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ បំផុសស្មារតីស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមាន ព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ជាតិ ទំនៀមទម្លាប់ ប្រពៃណី និងមនសិការស្នេហាជាតិ ។

តាមរយៈព្រះរាជសារដ៏ថ្លៃថ្លា ក្នុងឱកាសអបអរសាទរនៃទិវាវប្បធម៌ជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ ប្រារព្ធឡើងដើម្បីរំលឹកដល់គុណូបការៈ ចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណ និងអាយុជីវិត ក្នុងការបង្កើតសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានថែរក្សា ការពារទុកឲ្យកូនចៅជំនាន់ក្រោយ។

ព្រះករុណាព្រះមហាក្សត្រ មានបន្ទូលបញ្ជាក់ថា «ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ជាតិ ទំនៀមទម្លាប់ ប្រពៃណី និងមនសិការស្នេហាជាតិ ចូលរួមលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ និងថែរក្សា ការពារអត្តសញ្ញាណជាតិ មាតុភូមិ ឲ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត» ៕

To Top