ព័ត៌មានជាតិ

ក្រុមហ៊ុន Aegros និង Freshstart Logistics គ្រោងពង្រីកការវិនិយោគ លើវិស័យសុខាភិបាល បន្ថែមទៀតនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics មានបំណងស្វែងរកឱកាសវិនិយោគ នៅកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល ។

នេះបើតាមការបញ្ជាក់ របស់លោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ដែលមានក្រុមហ៊ុនបុត្រសម្ព័ន Aegros និងក្រុមហ៊ុន Freshstart Logistics នាថ្ងៃទី៤ ខែមីនា ក្នុងឱកាសចូលជួបពិភក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានជម្រាប ជូនសម្ដេចធិបតីថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការ អាជីវកម្ម នៅតាមបណ្ដាប្រទេស ជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ចំណែកក្រុមហ៊ុន Aegros ជាបុត្រសម្ព័នមួយនៃ Freshstart ដែលជាក្រុមហ៊ុន មានអាជីវកម្មលើវិស័យសុខាភិបាល។ បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរព ជម្រាបជូន សម្ដេចធិបតី អំពីបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកនូវ ឱកាសវិនិយោគ នៅកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល ។

ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាគឺជាប្រទេស មួយមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ការវិនិយោគ ហើយក៏លើកទឹកចិត្ត ក្រុមហ៊ុនសិក្សាស្វែងយល់បន្ថែមទៀត ពីកម្ពុជា ដើម្បីពង្រីកការ វិនិយោគលើវិស័យផ្សេងៗទៀតនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យសុខាភិបាលវិញ សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាព ផ្តល់សេវាសុខភាពនៅមូលដ្ឋាន។ បន្ថែមលើនេះ សម្ដេចក៏បានរំលេចដែរថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវបទប្បញ្ញត្តិនានា និងវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងឱសថ និងផលិតផលសុខាភិបាល ក្លែងក្លាយ ។

ជាងនេះទៅទៀត សម្ដេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុន បន្តពិភាក្សាជាមួយដៃគូ នៅកម្ពុជាបន្ថែមទៀត ពាក់ព័ន្ធនឹងបំណង របស់ក្រុមហ៊ុន លើការវិនិយោគក្នុងវិស័យសុខាភិបាល និងសហការជាមួយ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួង សុខាភិបាល ៕

To Top