ការ៉ាកាស៖ វ៉េណេស៊ុយអេឡា បានថ្កោលទោសរដ្ឋាភិបាល សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ សម្រាប់ការរក្សាការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូងមួយនេះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេតវិមាន “បានជ្រើសរើសបន្តអនុវត្តអំពើ ភេរវកម្មសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈវិធានការជាង ៩៣០ ប្រឆាំងនឹងប្រទេសរបស់យើង” ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្រេចចិត្តកាលពីថ្ងៃអង្គារ ដើម្បីបន្តបទបញ្ជាប្រតិបត្តិលេខ ១៣៦៩២ ដែលត្រូវបានចេញនៅក្នុងឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់ អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា និងប្រកាសភាពអាសន្នជាតិទាក់ទងនឹង ស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា” សម្រាប់រយៈពេលមួយឆ្នាំទៀត ដោយថា វេណេស៊ុយអេឡានៅតែបន្ត បង្កការគំរាមកំហែងមិនធម្មតា និងកាន់តែខ្លាំង ចំពោះសហរដ្ឋអាមេរិក”។
សេចក្តីថ្លែងការណ៍របស់វេណេស៊ុយអេឡា បានឲ្យដឹងថា បទបញ្ជាប្រតិបត្តិនេះត្រូវបានគេប្រើប្រាស់ ដើម្បី “បង្ហាញពីភាពត្រឹមត្រូវនៃយុទ្ធនាការ ប្រកបដោយនិរន្តរភាពនៃការឈ្លានពាន ប្រឆាំងនឹងប្រជាជនវេណេស៊ុយអេឡា ដោយរំលោភលើគ្រប់បទដ្ឋាននៃច្បាប់អន្តរជាតិ ដែលបង្កើតជាករណីនៃការដាក់ទណ្ឌកម្មរួម”។
សេចក្តីសម្រេចនេះគឺ “មិនចាំបាច់ មិនសមហេតុសមផល និងអរិភាព” ហើយបង្ហាញថា សហរដ្ឋអាមេរិក “មិនមានសមត្ថភាពក្នុងការរៀបចំ គោលនយោបាយការបរទេស ដែលមានភាពស៊ីសង្វាក់គ្នា ដែលមិនផ្អែកលើការបង្ខិតបង្ខំ ការជំរិត ឬការមិនគោរព”៕
ប្រែសម្រួល ឈូក បូរ៉ា