ព័ត៌មានជាតិ

រដ្ឋមន្ត្រីធនធានទឹក ស្នើអាមេរិក ផ្តល់កិច្ចសហការ លើវិស័យឧតុនិយម ដើម្បីឈានទៅកាត់បន្ថយ គ្រោះមហន្តរាយធម្មជាតិ

ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យភាគីអាមេរិក ផ្តល់នូវកិច្ចសហប្រតិបត្តិការ លើវិស័យឧតុនិយម ជាពិសេសការព្យាករ អាកាសធាតុ និងការជូនដំណឹងជាមុន ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះឲ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន ដើម្បីឈានទៅកាត់ បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ ផ្នែកសេដ្ឋកិច្ច ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រីធនធានទឹក ថោ ជេដ្ឋា បានថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ដែលជានិច្ចកាលបានជួយគាំទ្រ ដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ចូលរួម ចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រី បានជម្រាបទូតអាមេរិក ពីតួនាទីដ៏ចម្បង របស់ក្រសួងធនធានទឹក និងឧតុនិយមដែលសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា មានការងារពីរសំខាន់គឺ ការគ្រប់គ្រងទឹកសម្រាប់ផ្គត់ផ្គង់ទឹកលើគ្រប់វិស័យមាន វិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ទូទៅក្នុងជីវភាពរស់នៅ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុនពីស្ថានភាពអាកាសធាតុ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងធនធានទឹក នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបម្រើឱ្យការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីធនធានទឹក បានស្នើសុំភាគីអាមេរិកផ្តល់នូវកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម ជាពិសេសការព្យាករអាកាសធាតុ និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឲ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ច និងជួយបណ្តុះបណ្តាលដល់មន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ លើវិស័យឧតុនិយម និងជលសាស្ត្រ។

ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតអាមេរិក បានទទួលយកសំណើទាំងអស់ទៅពិភាក្សា និងបានបញ្ជាក់ពីការពង្រឹងពង្រីកចំណងមិត្តភាព និងភាពជាដៃគូ សំដៅធ្វើឲ្យកម្ពុជា សម្រេចបាននូវបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងក្របខ័ណ្ឌឯករាជ្យ អធិបតេយ្យភាពជាតិរបស់ខ្លួន ៕

To Top