ព័ត៌មានជាតិ

មន្រ្តី​ជាន់​ខ្ពស់​ក្រសួងមហាផ្ទៃ ផ្តាំផ្ញើអាជ្ញាធរ ត្រូវយកចិត្តទុកដាក់រក្សា​ សន្តិសុខសណ្តាប់ធ្នាប់ ដែលជារឿងសំខាន់ មិនអាចខ្វះបាន

ភ្នំពេញ៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដែលជារឿងសំខាន់មិនអាចខ្វះបាន ដោយត្រូវ​រួមសហការគ្នា រក្សាឲ្យបាន ពិសេស គឺរក្សាសន្តិភាព ។

ការផ្តាំផ្ញើនេះ ធ្វើឡើងក្នុងឱកាស លោក ប្រាក់ សំអឿន អញ្ជេីញប្រកាសតែងតាំង លោក ឯក ឃុន ដឿន ពីអភិបាលខណ្ឌឬស្សីកែវ ជាអភិបាលរង រាជធានីភ្នំពេញ ជំនួសលោក ស៊ុយ សេរិទ្ធ ដែលត្រូវឱ្យទៅបំរើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើង នៅរសៀលថ្ងៃទី១១មីនា ២០២៤​ នៅសាលារាជធានីភ្នំពេញ ។

ក្នុងពិធីនេះ លោក ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងខិតខំស្ការ កសាងនិងអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាញទូរគមនាគមន៍ កាមេរ៉ាសុវត្ថិភាព ការកែលម្អសួនច្បារសាធារណៈ ស្ថាបនាផ្លូវក្រោមដី ស្ពានឆ្លងទន្លេ និងស្ពានអាកាស ជាដើម ។

លោកបន្តថា ក្នុងនោះ ស្ពានអាកាសមរតកតេជោ នឹងត្រូវបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅក្នុងអំឡុងខែមេសា ខាងមុខនេះ។ រាជធានីភ្នំពេញ បាននឹងកំពុងប្រែប្រួល មុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញ និងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបង្ហាញឱ្យឃើញតាមរយៈវត្តមានរបស់ ទីក្រុងរណប អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបានសាងសង់ឡើង ជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញ បានក្លាយជាគោលដៅ ទេសចរណ៍ដ៏រស់រវើក និងជាគោលដៅវិនិយោគដ៏គាប់ប្រសើរបំផុត។

ឆ្លៀតក្នុងឱកាសនេះ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដែលជារឿងសំខាន់មិនអាចខ្វះបាន ដែលយើងទាំងអស់គ្នា ត្រូវរួមសហការគ្នារក្សាឲ្យបាន ពិសេស គឺរក្សា សន្តិភាព។ បើគ្មានសន្តិភាពទេ កុំថាឡើយអភិវឌ្ឍក្រុង សូម្បីតែអង្គុយជុំគ្នាដូចពេលនេះ ក៏មិនមានដែរ ។

លោក ប្រាក់ សំអឿន ក៏បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងគោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាព ជាប់ជាប្រចាំ ពិសេសបង្រ្កាបល្បែង ស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និងការបង្ក្រាបគ្រឿងញៀន ពិសេសនៅតាមក្លឹបកំសាន្ត។

ពិសេសថែមទៀតនោះ លោកចង់ឲ្យវិស័យឯកជន វិនិយោគលើចំណតយានយន្ត ព្រោះថា ការវិនិយោគលើវិស័យនេះ អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍។

លោកថា រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនខ្លាំង លើវិស័យសំណង់ ដូច្នេះលោកជម្រុញ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើច្បាប់សំណង់ ពោលគឺសំណង់ត្រូវតែមានច្បាប់ អនុញាត្តិអោយបានត្រឹមត្រូវ។

ក្នុងឱកាសនោះ លោកឯក ឃុន ដឿន បានប្តេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និង យុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ ចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រឹតបន្តឹងច្បាប់ចរាចរណ៍ ប្រឆាំងគ្រឿងញៀន ។ ប្តេជ្ញាសាមគ្គីភាពផ្ទៃក្នុង អោយបានល្អប្រសើរ ប្រឆាំងអំពើពុករលួយ និងពង្រឹងការផ្តល់សេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត៕

To Top