ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា កម្ពុជា ត្រៀមខ្លួនជានិច្ច ធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយប្រទេសរវ៉ាន់ដា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ។
នាឱកាសអនុញ្ញាតឲ្យលោក Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរវ៉ាន់ដា ចូលជូនសារតាំង និងសម្តែងការគួរសម នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេច សាយ ឈុំ បានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រទេសទាំងពីរ។
សម្តេច មានជំនឿជឿជាក់ ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូតរវ៉ាន់ដា ប្រចាំកម្ពុជា លោកនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទីគូសបញ្ជាក់ថា «ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណា ចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋរវ៉ាន់ដា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ»។
លោកទូតបញ្ជាក់ថា ក្នុងបេសកកម្មការទូត របស់លោកនៅកម្ពុជា លោកនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើង ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕