ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង និងមន្ដ្រីជំនាញជាច្រើនរូប។
យោងតាមរបាយការណ៍សង្ខេបរបស់លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និង លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានបង្ហាញថា ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងប្រមាណ ៥០ ២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤% នៃផ្លូវទូទាំងប្រទេស។ ក្នុងឆ្នាំ២០២៣ កន្លងនេះ សមិទ្ធផលដែលកម្មវិធីអាទិភាពទី១ សម្រេចបានប្រមាណ ៩៧% ក្នុងនោះក៏មានការលើកឡើងអំពីបញ្ហា ការប្រឈម និងការដាក់ទិសដៅការងារបន្ដផងដែរ។
ក្នុងឱកាសនៃកិច្ចប្រជុំ លោក ឆាយ ឫទ្ធិសែន បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
១/ ត្រូវយកចិត្តទុកដាក់លើ ការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ដើម្បីធានានិរន្ដរភាពនៃការប្រើប្រាស់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍគឺ ពង្រឹង ៧០% និងពង្រីក ៣០%។
២/ ត្រូវអនុវត្តតាមគោលនយោបាយផ្លូវជនបទ និងផែនការមេផ្លូវជនបទ ដែលបានដាក់ចេញឱ្យប្រើប្រាស់នៅឆ្នាំ២០២២។
៣/ ត្រូវសិក្សាលើការប្រើប្រាស់ បច្ចេកវិទ្យាថ្មី ជំនួសវត្ថុធាតុដើមកម្រ ដើម្បីធានាគុណភាពផ្លូវ ធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតំបន់ដែលមានការប្រឈម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុខ្ពស់។
៤/ ត្រូវបន្ដផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឲ្យយល់ដឹងពីសារៈសំខាន់នៃខ្សែផ្លូវ និងឲ្យមានការចូលរួម ថែរក្សាពីសហគមន៍។
៥/ ត្រូវពិនិត្យ និងរៀបចំការដាក់ស្លាកសញ្ញា នៃការកំណត់កម្រិតទម្ងន់ នៅតាមខ្សែផ្លូវ និងស្ពាន ក្នុងគោលបំណងធានាដល់ការប្រើប្រាស់ បានយូរអង្វែង៕