ភ្នំពេញ៖ លោក ឥន សុផល អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ និង ជាអ្នកវិទ្យាសាស្ត្រនយោបាយខ្មែ បានធ្វើការចែករំលែក រឿងស្តេចកននិងសម្តេចតេជោ ហ៊ុន សែន ជារឿងពីរដាច់ពីគ្នា។
ខាងក្រោមគឺជាខ្លឹមសារទាំងស្រុង ៖
១. បើយោងតាមឯកសាររបស់លោក អាដេម៉ារ ឡឺក្លែរ បានលើកឡើងថា “…ក្រោមការដឹកនាំរបស់ស្តេចកន ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពដូចពីមុនឡើងវិញ។ ប្រជារាស្ត្រមានសេចចក្តីសុខ សម្បូរសប្បាយជាងស្តេចអង្គមុនៗ។ ជាងនេះទៅទៀត នៅក្នុងរជ្ជកាលរបស់ព្រះអង្គ ក៏មានការបោះពុម្ពប្រាក់កាក់ចាយ ធ្វើពីមាសមានរូបនាគនៅម្ខាង…”។
២. រាជធានី “ក្រុងស្រឡប់ព្រៃនគរបុរៈរាជធានី” ជារាជធានីថ្មី ក្រោយពីបានកសាងរួច ធ្វើឱ្យមានកំណើនប្រជាជនច្រើនជាងរាជធានីមុនៗទ្វេដង មានទាំងជនបរទេសចេញចូលជាច្រើន។ ស្តេចកនដឹកនាំប្រទេសអស់រយៈពេល១៣ឆ្នាំ ក៏ត្រូវបាន ច័ន្ទរាជា ធ្វើឃាតនៅឆ្នាំ១៥២៥គស. ។
៣.រឿងស្តេចកន និងច័ន្ទរាជា សុទ្ធតែកើតចេញពីរាស្ត្រសាមញ្ញដូចគ្នា ប៉ុន្តែដោយសារប្រជាពលរដ្ឋខ្មែរ ពុំបានយល់ពីប្រវត្តិសាស្ត្រក្រោយសម័យអង្គរ “នាយចាយជ្រែករាជ្យ” ក៏យល់ថាច័ន្ទរាជាមានពូជពង្សជាក្សត្រ ទើបធ្វើឱ្យប្រជាជនគាំទ្រច្រើន។
៤.ពីអតីតកាលប្រជាជនខ្មែរបានផ្សារភ្ជាប់ជីវិតរបស់ពួកគាត់ជាមួយព្រះមហាក្សត្រ ដែលមិនអាចកាត់ផ្តាច់បាន។ ដូច្នេះពួកគាត់បានលះបង់អ្វីៗគ្រប់យ៉ាងរួមទាំងជីវិត បានបូជាថ្វាយព្រះមហាក្សត្រ ដោយមិនខ្វល់ថាព្រះមហាក្សត្រអង្គនោះល្អឬអាក្រក់ឡើយ។
៥.ចំពោះទស្សនៈមួយចំនួនបានធ្វើការប្រៀបធៀបស្តេចកន ជាមួយសម្តេចតេជោ ហ៊ុន សែន គឺជារឿងពីរដាច់ពីគ្នា ដែលមិនអាចប្រៀបធៀបគ្នាបានឡើយ។ ថ្វីដ្បិតតែស្តេចកន ដឹកនាំជាតិឱ្យមានសុខសន្តិភាព និងភាពសម្បូររុងរឿងមួយរយៈពេលខ្លីក៏ដោយ ក៏ពុំមានសមិទ្ធិផលអ្វីបន្សល់ទុកសម្រាប់ខ្មែរឡើយ ដូច្នេះ មិនអាចយកស្តេចកន មកធ្វើការប្រៀបធៀបជាមួយ សម្តេចតេជោ ហ៊ុន សែន ដែលបានកសាងឯករាជ្យជាតិ សន្តិភាព និងសមិទ្ធផលជាច្រើនមិនអាចពណ៌នាអស់ នាពេលបច្ចុប្បន្ននេះបានទេ ។
៦.នេះជាការពិតនៃប្រវត្តិសាស្ត្រ ដែលយើងអាចមើលឃើញគ្រប់ៗគ្នា !
(ជូនទៅអ្នកសង់រូបសំណាកស្តេចកន មិនគួរយកព្រះភក្ត្រ របស់ព្រះស្តេចកនស្រដៀង មុខសម្តេចតេជោនោះទេ នាំមានការរិះគន់ពីមហាជន ! ស្តេចកនគឺស្តេចកន ! សម្តេចតេជោ គឺសម្តេចតេជោ ! មិនអាចធ្វើការប្រៀបធៀបគ្នា បានឡើយ )
លោក ឥន សុផល បន្ថែមថា នេះជាបំណងល្អពីទីក្រុងភ្នំពេញ, ១៦ មីនា ២០២៤ !៕