បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតក្រុងមូស្គូប្រចាំក្រុងវ៉ាស៊ីនតោន បានអះអាងថា ជោគជ័យសម្រាប់រុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន នឹងធ្វើឲ្យអាមេរិក ចុះខ្សោយជាបន្តបន្ទាប់ ។
លោក Anatoly Antonov ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលជាអ្នកតែងតែបានធ្វើការ រារាំងដល់ដំណោះស្រាយដោយ សន្តិវិធីនៃជម្លោះក្នុងអំឡុង ពេលដំណាក់កាលដំបូង នៃជម្លោះរវាងរុស្សីនិងអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Antonov បានចោទប្រកាន់សហរដ្ឋ អាមេរិកថាបានដើរតួនាទី ក្នុងភាពជាអវិជ្ជមានខ្លាំង នៅក្នុងជម្លោះនៅអ៊ុយក្រែន ដោយបានហៅទីក្រុងវ៉ាស៊ីនតោនថាជា អ្នកឧបត្ថម្ភភេរវកម្មនិងជា ប្រទេសដែលលើកទឹកចិត្តឱ្យមានឃាតកម្ម និងសង្គ្រាមផ្ទុះឡើង។
អ្នកការទូតរុស្ស៊ីរូបនេះក៏បានបន្ថែមទៀតផងដែរថា ៖នៅពេលដែលយើងឈានទៅមុខបន្ថែមទៀតនៅលើជួរមុខ អាមេរិកនឹងកាន់តែចុះខ្សោយ ហើយ សណ្តាប់ធ្នាប់ពិភពលោកចាស់ ដែលផ្អែកលើច្បាប់នឹងដួលរលំជាស្ថាពរ៕
ប្រែសម្រួល៖ស៊ុនលី