ភ្នំពេញ ៖ បើតាមគម្រោងគណៈប្រតិភូបក្សកាន់អំណាចថៃ ដឹកនាំដោយលោកស្រី ផេងថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងវិមានឈ្នះ-ឈ្នះ នៅថ្ងៃ១៩ មីនានេះ ដើម្បីស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅ លើប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ជាពិសេសលើ នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅកម្ពុជា ដូចដែលបានឃើញសព្វថ្ងៃនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន គណបក្សប្រជាជនកម្ពុជា។
សំណង់វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ និងសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារប៉ែក ខាងជើងរាជធានីភ្នំពេញ ដែលជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏ រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះ នឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ ក្រោយផងដែរ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ផេងថងថាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់បក្សមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨-១៩ មីនា ដើម្បីផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរ ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណបក្សទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីប្រធានបក្ស បានជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចតេជោ ហ៊ុន សែន និងបានជួបសម្តែងការគួរសមជាមួយសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងសម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
មិនត្រឹមតែប៉ុណ្ណោះលោកស្រី ក៏បានសំណេះសំណាលផ្លាស់ប្ដូរយោបល់ជាមួយថ្នាក់ដឹកនាំវ័យក្មេងជាច្រើនរូប របស់គណបក្សប្រជាជនកម្ពុជា ដែលជាសមាជិករាជរដ្ឋាភិបាល និងសមាជិកសភា ក្នុងនោះរួមមាន ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ក្នុងការពិភាក្សាទ្វេភាគី សម្តេចតេជោបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចបន្ទាប់ពីរបបកម្ពុជា ប្រជាធិបតេយ្យ ការស្វែងរកសន្តិភាព ការប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ ការប្រែក្លាយតំបន់ព្រំដែនទៅជា ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ភាគីទាំងពីរបានលើកឡើងពីការជំរុញ កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈការតភ្ជាប់លើហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕