ព័ត៌មានជាតិ

ថ្ងៃនេះ! ក្រសួងអភិវឌ្ឍន៍ជនបទ បន្តសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ បានអញ្ជើញបន្ត ជាអធិបតីបន្តប្រារព្ធថ្ងៃទី២ នៃសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

អញ្ជើញចូលរួមក្នុងពិធីនោះរួមមានវត្តមាន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្ដរជាតិ សរុបប្រមាណ ៧០០នាក់ ។

ជាកិច្ចចាប់ផ្ដើម លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទជូនគណអធិបតី និងសមាជិក សមាជិការ នៃអង្គសន្និបាត អមដោយការបង្ហាញវីដេអូរូបភាព ពីសមិទ្ធផលនានា ដែលក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានក្នុងឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់មក លោក ឆាយ ប្ញទ្ធិសែន បានវាយតម្លៃខ្ពស់ ចំពោះកត្តាសន្តិភាព ពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និង ជាមគ្គុទ្ទេសក៍ ឯកនយោបាយឈ្នះឈ្នះ និការបន្តវេនដឹកនាំប្រកប ដោយបញ្ញាញាណ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ឱកាសឲ្យមន្ត្រីក្រសួង សម្រេចបាននូវសមិទ្ធផល ជាច្រើនក្នុងឆ្នាំ២០២៣ ហើយដែល សមិទ្ធផលទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់បន្តអនុវត្តយុទ្ធសាស្រ្ដ បញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ។

លោករដ្ឋមន្រ្ដី បានបន្តលើកឡើងពីសារសំខាន់ នៃការអភិវឌ្ឍជនបទ ដោយផ្ដោតលើវិស័យ អាទិភាពទាំង៤ របស់ក្រសួងរួមមាន ៖ ១. អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២.កែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី បានលើកឡើងអំពីទិសដៅ និងភារៈកិច្ចបន្តរបស់ក្រសួងក្នុងពង្រឹង គុណភាពផ្លូវជនបទឲ្យកាន់តែរឹងមាំ ប្រើប្រាស់បានយូអង្វែង ការសម្រេចឱ្យបានផែនការ គ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទូទាំងប្រទេស ក៏ដូចជាការជម្រុស សេដ្ឋកិច្ចគ្រួសារជនបទ ឱ្យមានការកើនឡើងផងដែរ។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រព្រឹត្តទៅមួយថ្ងៃកន្លះ រួចមកហើយ នៅរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នឹងប្រារព្ធពិធីបិទសន្និបាតក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ៕

To Top