ភ្នំពេញ ៖ នគរបាលជាតិក្រសួងមហាផ្ទៃកាលពីថ្ងៃ២៤ មីនា បានចេញប្រតិបត្តិការ បង្ក្រាបបទល្មើសទូទៅ បានចំនួន៣៦ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៨៥នាក់ ដើម្បីចាត់នីតិវិធីតាមច្បាប់បន្ត ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ថា ក្នុងចំណោម៣៦ករណីនេះ មានករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន៩ករណី ឃាត់ខ្លួនបាន១៦នាក់ ។ ករណីព្រហ្មទណ្ឌរួមមាន ៖ អំពើហិង្សា៣ករណី លួច២ករណី ឃាតកម្ម២ករណី អំពើប្លន់១ករណី និងបង្ខាំងមនុស្សជំរិតទារ ប្រាក់១ករណី ។ អំពើទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ៧រាជធានីខេត្ត ដូចជា រាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ព្រៃវែង កំពង់ធំ ត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ ។
ចំណែកឯ ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរងបន្តថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន២០ករណី ឃាត់ខ្លួនបាន៥០នាក់។ ករណីទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ៨រាជធានីខេត្ត រួមមាន ភ្នំពេញ កណ្ដាល ព្រៃវែង កំពត កំពង់ធំ ពោធិ៍សាត់ ព្រះសីហនុ និងខេត្តសៀមរាប។
ចំពោះសកម្មភាពក្មេងទំនើងវិញ នគរបាលជាតិ បង្ក្រាបបាន៣ករណី ឃាត់ខ្លួន៤នាក់។ កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តពោធិ៍សាត់។ នៅថ្ងៃដដែលនេះនគរបាលជាតិក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តកំពតចំនួន៤ករណី ឃាត់ខ្លួន១៥នាក់។ ក្នុងនោះចាត់វិធានការច្បាប់ ពោលគឺកសាងសំណុំរឿង១ករណី(ល្បែងភ្នាល់តាមInternet) បញ្ជូនខ្លួនជនល្មើសចំនួន១នាក់។ ករណីនេះកើតឡើងនៅខេត្តកណ្ដាល។
ក្រៅពីនេះ បានចាត់វិធានការរដ្ឋបាលចំនួន៣ករណី ពោលគឺ អប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្តិចំនួន១៤នាក់។ ករណីនេះ កើតឡើងនៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕