ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅរសៀលថ្ងៃទី ២៥ ខែ មីនា បានរៀបចំកិច្ចប្រជុំ ជាមួយអនុគណ:កម្មការទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិទាំង ១០ ក្រុមក្នុងភូមិសាស្រ្តស្រុកវាលវែង និង ស្រុកភ្នំក្រវាញ ដើម្បីធ្វើការបូកសរុប និងតម្លើងផែនទីបញ្ចប់យុទ្ធនាការជំហ៊ានទី ១ ស្តីពីការទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិ ។
បន្ទាប់ពីស្តាប់របាយការណ៍ នៃកិច្ចប្រតិបត្តិការ របស់ក្រុមគោលដៅអនុគណ:កម្មការទាំង ១០ គោលដៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង និង ស្រុកភ្នំក្រវាញរយ:ពេល ១៣ ថ្ងៃ( ១៣-២៥ ខែ មីនា ឆ្នាំ ២០២៤)ទាំងកម្លាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិសរុបប្រមាណជាង ៧០០ នាក់។
លោកខូយ រីដា អភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជាចំនួន ៥ ចំនុចដើម្បីអោយអនុគណះកម្មការទាំង ១០ ចុះអនុវត្តបន្ត:
១-បន្តចុះទប់ស្កាត់ និង បង្រ្កាបបទល្មើស ធនធានធានធម្មជាតិ និង ឃ្លុំដីអនុវត្តទៅតាមច្បាប់ដោយដាក់កម្លាំង ឈរជើងជាអចិន្ត្រៃយ៍ នូវ គ្រប់គោលដៅនីមួយៗ និង ត្រូវបន្តផ្សព្វផ្សាយអំពីច្បាប់ និង លិខិតបទដ្ឋានគតិយុទ្ធនានាអោយ បានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។
២-តម្លើងផែនទីចំពោះដី ដែលដកហូតបានដើម្បីដាំដើមឈើឡើងវិញ។
៣-កំនត់អត្តសញ្ញាណ អ្នកចំណូលស្រុកថ្មី ។
៤-វត្ថុតាង និង មធ្យោបាយដែលបានដកហូត ជាតម្រូវការប្រើប្រាស់ របស់ក្រុមប្រតិបត្តិការទប់ស្កាត់ និង បង្រ្កាប។
៥-រយះពេល ៧ ថ្ងៃទៀត គ្រប់គោលដៅទាំង ១០ ត្រូវតម្លើងផែនទី និង បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ បញ្ចប់យុទ្ធនាការជំហ៊ានទី១ ៕