បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារភេរវករ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯសាលតន្ត្រី Crocus City Hallនៅខាងក្រៅទីក្រុងមូស្គូ បានបង្ហាញថា ក្រុមជ្រុលនិយមរដ្ឋឥស្លាម អាចបង្កើត ប្រតិបត្តិការរបស់ពួកគេឡើងវិញ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកទ័ពអាមេរិកដ៏ច្របូកច្របល់ក្នុងឆ្នាំ២០២១នេះបើយោងតាម សមាជិកព្រឹទ្ធសភារដ្ឋហ្វ្លរីដា លោក Marco Rubio បានប្រាប់ ABC News កាលពីថ្ងៃអាទិត្យ ។
កាលពីសប្តាហ៍មុន ខ្មាន់កាំភ្លើងបួននាក់ បានវាយលុកលើទីកន្លែងមុនការប្រគំតន្ត្រីរបស់ក្រុមតន្ត្រីរ៉ុក Picnicដែលជា កន្លែងដែលអាចផ្ទុកមនុស្សបានប្រមាណ៧៥០០ ហើយភេរវករ បានសម្លាប់ឆ្មាំ ដែលគ្មានអាវុធ បើកការបាញ់ប្រហារទៅលើអ្នកទស្សនា ហើយបន្ទាប់មកដុតភ្លើង ឲ្យឆេះរាលដាលយ៉ាងលឿន ពេញអគារ យ៉ាងហោច ណាស់មនុស្ស១៣៧នាក់ បានស្លាប់ និងជាង១៨០នាក់បានរងរបួស ។
ថ្លែងទៅកាន់ ABC This Week លោក Rubio បាននិយាយថា ការពិតដែលថា ISIS-Khorasan (ISIS-K) ដែលជាសាខារបស់ក្រុមរដ្ឋឥស្លាមដែលមាន មូលដ្ឋាននៅអាហ្វហ្គានីស្ថាន បានអះអាងទទួលខុសត្រូវ ចំពោះអំពើឃោរឃៅនេះ បង្ហាញថា ក្រុមនេះទទួលបានគោលជំហររបស់ខ្លួនឡើងវិញ ហើយអាចជា រៀបចំផែនការវាយប្រហារ ផ្សេងទៀតផងដែរ ។
លោកRubio បានចង្អុល បង្ហាញថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ក្រុមជ្រុលនិយមរដ្ឋឥស្លាម បានធ្វើការ វាយប្រហារ ជាច្រើននៅក្នុងប្រទេស អាហ្វហ្គានីស្ថាន និង អ៊ីរ៉ង់ ហើយ បានព្រមានថា ការសម្លាប់រង្គាលនៅលើដីរុស្ស៊ីមានន័យថា ពួកគេអាចនឹងប៉ុនប៉ងអ្វីមួយស្រដៀងគ្នា នៅក្នុងសហរដ្ឋអាមេរិកឆាប់ៗនេះដូចគ្នា៕
ប្រែសម្រួល៖ស៊ុនលី