ព័ត៌មានជាតិ

លោក ផន រឹម ៖ ក្រសួងសាធារណការ គ្មានគោលការណ៍ណែនាំក្រុមហ៊ុនឲ្យបង្ខំកម្មករសាងសង់ផ្លូវជាតិលេខ៤៨ ធ្វើការនៅថ្ងៃចូលឆ្នាំខ្មែរទេ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង សាធារណការ និង ដឹកជញ្ជូន លោក ផន រឹម បានឲ្យដឹងថា ក្រុមវិស្វករ និងកម្មករ ដែលកំពុងសាង សងផ្លូវជាតិលេខ៤៨ ចាប់ពីស្រែអំបិល-កោះកុង គឺ ពួកគាត់ត្រូវបានអនុញ្ញាត ឲ្យឈប់សម្រាកទាំងអស់គ្នា ទៅតាមប្រតិទិន របស់រាជរដ្ឋាភិបាល ដោយក្រសួងគ្មានគោលការណ៍ ណែនាំឲ្យក្រុមហ៊ុន ទទួលម៉ៅការ សាងសង់បង្ខិត បង្ខំកម្មករ ធ្វើការនាថ្ងៃចូលឆ្នាំខ្មែរនោះទេ ។

លោក ផន រឹម បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៧ មីនា ថា “ក្នុងនាមជាស្ថាប័នរដ្ឋ យើងមិនមានគោល ការណ៍បែបនេះទេ ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាបុណ្យដ៏ធំរបស់ជាតិ ដែលប្រជាពលរដ្ឋខ្មែរ ត្រូវអនុញ្ញាត ឲ្យឈប់សម្រាកតាមប្រតិទិន របស់រាជរដ្ឋាភិបាល ។ តែប្រសិនបើ ត្រូវធ្វើការងារនៅថ្ងៃឈប់សម្រាកនោះ ក៏ត្រូវធ្វើឡើង តាមគោលការណ៍ស្ម័គ្រដែរ ហើយពួកគាត់នឹងទទួលបានអត្ថបរយោជន៍ផ្សេងៗ តាមច្បាប់ការងារ”។

ការលើកឡើង របស់អ្នកនាំពាក្យ ក្រសួងសាធារណការនេះ បន្ទាប់ពីមានការលេចលឺថា ក្រសួងសាធារណការ បានស្នើឲ្យក្រុមហ៊ុនកូរ៉េឈ្មោះ Ilsung ដែលទទួលម៉ៅការសាងសង់ផ្លូវលេខ៤៨ មិនអនុញ្ញាតឲ្យក្រុមវិស្វករ ឬកម្មករឈប់សម្រាក់ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរនោះទេ ពោលគឺនៅតែបន្តធ្វើធម្មតា ។ បើតាមប្រភពពីកម្មករម្នាក់ បានលួចប្រាប់ថា ទាំងក្រុមវិស្វករ និងកម្មករទាំងអស់ បានរអ៊ូរទាំ ក្រោយពីបានត្រូវរងសម្ពាធ បង្ខំពីតំណាងក្រុមហ៊ុន ឲ្យធ្វើការនៅថ្ងៃចូលឆ្នាំខ្មែរ ដោយមិនអនុញ្ញាត ឲ្យពួកគេត្រឡប់ទៅស្រុកកំណើត ជួបជុំបងប្អូននាថ្ងៃចូលឆ្នាំឡើយ ។

សូមបញ្ជាក់ថា គម្រោងលើក កម្រិតគុណភាពផ្លូវជាតិ លេខ៤៨ ចាប់ពីស្រែអំបិល-កោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ កំពុងដំណើរការយ៉ាងរលូន ដោយកាលពីថ្ងៃ១១ មីនា បើតាមប្រកាស របស់អ្នកនាំពាក្យ ក្រសួងសាធារណការ សម្រេច បានលទ្ធផល ៤៥,១៧ភាគរយហើយ ៕

To Top