ភ្នំពេញ ៖ ប្រធានសហជីព នានានៅកម្ពុជា នាថ្ងៃទី២៧ មីនា ឆ្នាំ២០២៤ បានលើកឡើងថា ដំណោះស្រាយទាំង៣ចំណុច ដែលរាជរដ្ឋាភិបាលបានដោះស្រាយចំពោះករណីរោងចក្រ ស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) គឺជារឿងត្រឹមត្រូវស្រប តាមច្បាប់ជាមូលដ្ឋាន។
ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី លើកឡើងថា ដំណោះស្រាយទាំង៣ចំណុចដែលផ្តល់ឱ្យកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ ដែលរួមមាន ប្រាក់ឈ្នួល ដែលមិនទាន់ បានបើកក្នុងខែចុងក្រោយ, ប្រាក់ជួសការឈប់សម្រាក ប្រចាំឆ្នាំដែល នៅសល់ និងប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារ៥%ជារឿងត្រឹមត្រូវ ។
ប្រធានសហជីពរូបនេះ ពន្យល់ថា ករណីរោងចក្រ អ.ជី ហ្វ៊ូតវែរ ជាករណីប្រធានសក្តិដោយសារ តែការខូចខាតទាំងស្រុង ដោយអគ្គីភ័យ ដែលមិនអាចស្រោចស្រង់ បានវិញបានឆាប់ៗនោះទេ ហើយមួយវិញទៀត កម្មករនិយោជិត ក្នុងរោងចក្រទាំងអស់ បានប្រើប្រាស់កិច្ចសន្យាការងារ មានថិរវេលាកំណត់ (FDC)ដែលធ្វើឱ្យកម្មករទទួលបាន សំណងចំនួន៣ចំណុចនេះ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យកម្មករទទួលយកដំណោះស្រាយខាងលើ ដោយលើកឡើងថា «សូមបងប្អូនកម្មករនៃរោងចក្រ R.G Footwear ទាំងអស់មកទទួលយកសំណងដែលក្រសួងបានប្រកាសថានឹងផ្តល់ជូនបងប្អូននៅថ្ងៃទី៣០ ខែមីនា ២០២៤ សូមកម្មករនិយោជិតទាំងអស់យល់អំពីផ្លូវច្បាប់ សូមបងប្អូនមកទទួលយកសំណងបានគ្រប់ៗគ្នា»។
បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាជាតិ សហជីព លោក សំ សឿន យល់ឃើញដូចគ្នាដែរថា ដំណោះស្រាយទាំង៣ចំណុច ដែលបានដាក់ចេញជូនកម្មករ នៃរោងចក្រ អ.ជី គឺស្របតាមច្បាប់ដែលមានចែងជាធរមាន ព្រោះការក្ស័យធនកើតឡើង ដោយប្រធានសក្តិ និងកម្មករប្រើប្រាស់កិច្ចសន្យាការងារ មានថិរវេលាកំណត់(FDC) ត្រូវទទួលបានដំណោះស្រាយ ចំនួនបីចំណុច។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ឱ្យទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសាលា ស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ពីម៉ោង៨៖៣០នាទីតទៅ។ ជាមួយដំណោះស្រាយខាងលើ សហជីពនានាបានអំពាវនាវ ឱ្យកម្មករនិយោជិតទាំងអស់ ទទួលយក ដោយរីករាយ ហើយចៀសវាងការជឿ ពីមជ្ឈដ្ឋានមួយចំនួន ដែលមិនបានផ្អែកទៅ តាមច្បាប់ការងារ ៕