ព័ត៌មានជាតិ

កម្មករ និងសហជីព ពេញចិត្តនិងគាំទ្រ ដំណោះស្រាយទាំងបីចំណុច ចំពោះករណីរោងចក្រ R.G

ភ្នំពេញ៖កម្មករ និងសហជីព នៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ខ្លួនពេញចិត្ត និងគាំទ្រដំណោះស្រាយទាំង៣ចំណុច ដែលបានដាក់ចេញ ដើម្បីដោះស្រាយ ការពារអត្ថប្រយោជន៍ ជូនកម្មករ បន្ទាប់ពីរោងចក្រនេះ ត្រូវបានអគ្គីភ័យឆេះខូចខាត ទាំងស្រុងកាលពីពេលថ្មីៗនេះ។

លោក សួន សុភាព ដែលជាកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ មកពីខេត្តកំពត បានលើកឡើងថា៖«ខ្ញុំរីករាយ និងសប្បាយចិត្ត លើដំណោះស្រាយទាំងបីចំណុចនេះ ។ ពួកខ្ញុំជាកម្មករអាចទទួលយកបានហើយ។ ខ្ញុំមិននឹកស្មានថាទទួលបាន ចំណុចទាំងនេះទេ ពីព្រោះដំបូងឡើង ខ្ញុំបារម្មណ៍ថា មិនទទួលបាន សូម្បីប្រាក់ខែ ចុងក្រោយផង ពីព្រោះរោងចក្រឆេះខូចខាត អស់ហើយ យើងមើលឃើញទាំងអស់គ្នា»។

លោកបានគូសបញ្ជាក់ បន្ថែមថា ដំណោះស្រាយទាំងនេះលោក និងកម​្មករផ្សេងទៀតពេញចិត្ត និងទទួលយកបាន ដោយក្តីរីករាយ ពីព្រោះបងប្អូនកម្មករទាំងអស់ បានមើលឃើញពីការខូចខាតមានសភាពធ្ងន់ធ្ងរ និងមិនអាចស្រោច ស្រង់បាននោះទេ​ ជាពិសេសនោះបងប្អូនកម្មករទាំងអស់ នៅរោងចក្រនេះមានក្តីស្រលាញ់ និងអាណិតដល់ថៅកែរោងចក្រ ដែលតែងស្រលាញ់ និងយកចិត្តទុកដាក់ដល់កម្មកររបស់ខ្លួនកន្លងមក។

លោក ​នៅ សុផល ដែលជាកម្មករ នៃរោងចក្រអ.ជី ហ្វ៊ូតវែរ ម្នាក់ទៀត មកពីខេត្តកណ្តាល ថា៖«ដំណោះស្រាយទាំងបីចំណុចនេះ ល្អណាស់សម្រាប់ខ្ញុំដែលជាកម្មករ ក៏ដូចជាកម្មករផ្សេងៗទៀតនៅរោងចក្រនេះ។ ខ្ញុំពេញចិត្ត និងរីករាយទទួលយកដំណោះស្រាយនៅថ្ងៃស្អែកនេះ»។

លោកបន្ថែមថា​ ថវិការដែលបានមកពីការ ដោះស្រាយលោកនឹង អាចយកមកទ្រទ្រង់ ជីវភាពគ្រួសារបានមួយគ្រា ខណៈលោកកំពុងស្វែងរកការងារថ្មី តាមរយៈយន្តការរបស់ក្រសួងការងារ ដែលបាននឹងកំពុងផ្សព្វផ្សាយ ឱកាសការងារនៅមុខរោងចក្រផ្ទាល់តែម្តង។

អនុប្រធានសហជីពខ្មែរ ស៊ីយូអេស នៃរោងចក្រ អ.ជី ហ្វ៊ូតវែរ លោកស្រី នៅ ខេន បានសង្កត់ធ្ងន់ថា៖ «ដំណោះស្រាយ ទាំងបីចំណុចនេះ គឺស្របទៅតាមច្បាប់ ហើយបងប្អូនកម្មករទាំង២ពាន់នាក់ ទទួលបានអត្ថប្រយោជន៍ពេញលេញ។ កម្មករពេញចិត្តចំពោះដំណោះស្រាយជុំវិញករណីរោងចក្រត្រូវបានឆេះខូចខាតទាំងស្រុកកាលពីពេលថ្មីនេះ»។

លោកស្រីបានគូសបញ្ជាក់ថា ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ នៅពេលខាងមុខនេះគឺ បង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករ នៃរោងចក្រអ.ជី ហ្វ៊ូតវែរ ទាំងអស់គ្នា ពីព្រោះចាប់តាំង ពីមានករណី អគ្គីភ័យនេះកើតឡើង រាជរដ្ឋាភិបាលបានខិតខំបំពេញ ការងារផ្សេងៗ និងរកដំណោះ ស្រាយទាន់ ពេលវេលាជូនកម្មករផងដែរ។

ទន្ទឹមនឹងនេះកម្មករ និងសហជីព​ទាំងនេះ បានអំពាវនាវឱ្យបងប្អូនកម្មករ ទាំងអស់ ដែលបានបម្រើការងារនៅរោង អ.ជី ហ្វ៊ូតវែរ សូមទៅទទួល ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដែលត្រូវបានប្រកាស ដោយរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ ហើយសូមជឿជាក់ មកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ និងការពារអត្ថប្រយោជន៍ ជូនបងប្អូនកម្មករទាំងអស់គ្នា ។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ឱ្យទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ពីម៉ោង៨៖៣០នាទីតទៅ៕

To Top