ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោក បញ្ជាក់ថា អ៊ីស្រាអែល បំផ្លាញមន្ទីរពេទ្យធំជាងគេ នៅក្នុងតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្សឺណែវ៖ ការវាយប្រហារដោយយោធាអ៊ីស្រាអែល ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បានបំផ្លាញកន្លែងព្យាបាលដ៏ធំបំផុតរបស់តំបន់ហ្គាហ្សា គឺមន្ទីរពេទ្យ Al-Shifa ដោយ “ហែកបេះដូង” ចេញពីប្រព័ន្ធថែទាំសុខភាព របស់តំបន់ដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះ។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកលោកស្រី Margaret Harris បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទប្រចាំសប្តាហ៍របស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា “នាយកបានប្រាប់យើងថា មន្ទីរពេទ្យ Al-Shifa បានបាត់បង់ទៅហើយ” ។

លោកស្រីបានលើកឡើងថា “មន្ទីរពេទ្យAl-Shifa គឺជាមជ្ឈមណ្ឌលថែទាំកម្រិតឧត្តមសិក្សា ដែលមានគ្រែចំនួន ៧៥០ រោងប្រតិបត្តិការចំនួន ២៥ និងបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំងចំនួន ៣០។ វាគឺជាប្រភេទកន្លែងដែលមនុស្សអាចទៅ សម្រាប់ការថែទាំគ្រប់ប្រភេទ”

យ៉ាងហោចណាស់អ្នកជំងឺ ២១នាក់បានស្លាប់ក្នុងអំឡុងពេលឡោមព័ទ្ធមន្ទីរពេទ្យរបស់អ៊ីស្រាអែល។ ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បានព្យាយាមជាច្រើនថ្ងៃដើម្បីទៅដល់មន្ទីរពេទ្យ Al-Shifa និងកន្លែងសុខភាពចុងក្រោយរបស់តំបន់ហ្គាហ្សា ភាគខាងជើង ក្នុងគោលបំណងនាំយកថ្នាំ ប្រេងឥន្ធនៈ និងអាហារ និងដើម្បីវាយតម្លៃថាតើការផ្គត់ផ្គង់បន្ថែមអ្វីខ្លះដែលត្រូវការ ដើម្បីជួយសង្រ្គោះអ្នកជំងឺដែលនៅសេសសល់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top