ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន និងលោក គីស៊ីដា យល់ព្រមលើការអភិវឌ្ឍន៍ឧបករណ៍ការពារជាតិរួមគ្នា

រូបភាពពី៖​ Kyodo

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វមីអូ គីស៊ីដា នឹងព្រមព្រៀងគ្នានៅសប្តាហ៍ក្រោយ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់រួមគ្នាអភិវឌ្ឍឧបករណ៍ការពារេជាតិសំខាន់ៗ ខណៈដែលសម្ព័ន្ធភាពជាច្រើនទសវត្សរ៍រវាងសហរដ្ឋអាមេរិក និងជប៉ុន គួរតែឈានចូលដំណាក់កាលថ្មី សម្រាប់ស្ថិរភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ការ​ទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ។

ថ្លែងនៅក្នុងពេលនៃការបង្កើនបញ្ហាប្រឈមផ្នែកសន្តិសុខពីបណ្តាប្រទេសដូចជាចិន និងកូរ៉េខាងជើង លោក Kurt Campbell អនុរដ្ឋលេខាធិការបានឲ្យដឹងថា រដ្ឋបាលលោក បៃដិន កំពុងព្យាយាម “ជម្រះផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែច្រើន” រវាងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរួមទាំងទីក្រុងតូក្យូផងដែរ។

លោកបន្ដថា “រឿងមួយដែលខ្ញុំគិតថាអ្នកនឹងឃើញនៅសប្តាហ៍ក្រោយ គឺជាជំហានជាលើកដំបូង ដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក និងជប៉ុន ធ្វើការសហការគ្នាបន្ថែមទៀតលើការអភិវឌ្ឍន៍រួមគ្នា និងសក្តានុពលនៃសហផលិតឧបករណ៍យោធា និងការពារជាតិដ៏សំខាន់” ។

លោក Campbell ដែលជាស្ថាបត្យករដ៏សំខាន់នៃវិធីសាស្រ្តរបស់រដ្ឋបាលទៅកាន់អាស៊ី បានបដិសេធមិនផ្តល់លទ្ធផល ដែលបានគ្រោងទុកជាក់លាក់នៃកិច្ចប្រជុំនោះទេ ប៉ុន្តែលោកបានណែនាំកាលពីខែមុនថា លោក បៃដិន និងលោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងបង្ហាញពីចេតនារបស់ពួកគេក្នុងការចាប់ផ្តើមធ្វើការលើរចនាសម្ព័ន្ធបញ្ជា និងការគ្រប់គ្រងថ្មី សម្រាប់សម្ព័ន្ធភាព។

ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងអន្តរប្រតិបត្តិការរវាងកងកម្លាំងអាមេរិក និងជប៉ុន មន្ត្រីនៃប្រទេសទាំងពីរក៏បានស្នើថា លោក បៃដិន និងលោក គីស៊ីដា នឹងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top