តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃសុក្រម្សិលមិញនេះថា អ៊ីរ៉ង់ បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការជាប់អន្ទាក់ ដែលអ៊ីស្រាអែល ដាក់ឱ្យទីក្រុងវ៉ាស៊ីនតោន ដោយវាយប្រហារស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។
លោក Mohammad Jamshidi អគ្គសេនាធិការរងរបស់ប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការនយោបាយបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលបានរៀបរាប់លម្អិតអំពី “សារជាលាយលក្ខណ៍អក្សរ” ដែលបានផ្ញើដោយអ៊ីរ៉ង់ ទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
សារនេះត្រូវបានផ្ញើបន្ទាប់ពីការវាយប្រហារនៅថ្ងៃច័ន្ទរបស់អ៊ីស្រាអែល ទៅលើអគារស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី ដែលបានសម្លាប់ជនជាតិអ៊ីរ៉ង់ ៧នាក់រួមទាំងមេបញ្ជាការជើងចាស់ពីរនាក់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។
លោកបានលើកឡើងថា នៅក្នុងសារនោះ អ៊ីរ៉ង់បានព្រមានថា “ការដឹកនាំរបស់សហរដ្ឋអាមេរិកកុំឱ្យជាប់អន្ទាក់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ” ហើយបានណែនាំទីក្រុងវ៉ាស៊ីនតោនឱ្យ “នៅឱ្យឆ្ងាយ” ដូច្នេះ “អ្នកនឹងមិនឈឺចាប់”៕ ប្រែសម្រួល ឈូក បូរ៉ា