ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងវត្តអង្គួញដីសេរីសុខា សាងសង់អស់តម្លៃជាង ២៤ម៉ឺនដុល្លារ

កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ដែលបានសាងសង់អស់តម្លៃ ជាង ២៤ម៉ឺនដុល្លារ ក្នុងបរិវេណវត្តអង្គួញដីសេរីសុខា ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ។

អភិបាលខេត្តកំពង់ចាម បានថ្លែងក្នុងឱកាសនោះថា ស្របពេលវិស័យអាណាចក្រ កំពុងតែបោះជំហានក្នុងការរីកចម្រើនលើកគ្រប់វិស័យ ដូច្នេះវិស័យពុទ្ធចក្រ ក៏កំពុងតែមានការរីកចម្រើន ទៅមុខឥតឈប់ឈរផងដែរ ជាពិសេស ក្នុងពេលបច្ចុប្បន្ននេះ ការសាងសង់មហាកុដិ គឺត្រូវការប្រើប្រាស់ថវិកា ច្រើនជាងការសាងសង់ កុដិដូចសម័យមុន ។

លោកអភិបាលខេត្តបានលើកឡើងថា ក្នុងពេលដែលវិស័យអាណាចក្រ មានការរីកចម្រើន ទើបធ្វើឲ្យប្រជាពលរដ្ឋដែលកាន់យកព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួម ជាបច្ច័យដើម្បីកសាង នូវសមិទ្ធផលនានាក្នុងវត្តអារាម ជាពិសេសគឺការកសាងមហាកុដិ នេះតែម្តង ដែលត្រូវប្រើបច្ច័យកសាងច្រើន ។ ដូច្នេះមហាកុដិ ដែលអាចកសាងទៅបាននេះ គឺសបញ្ជាក់ឲ្យឃើញ ពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្ហាញ អំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង បានរួមសាមគ្គីគ្នាកសាងជាមហាកុដិនេះឡើង ដើម្បីបម្រើលើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទជួបជុំ កសាងនូវបុណ្យកុសលរៀងៗខ្លួន តាមរយៈការប្រារព្ធធីសាសនាផ្សេងៗ ក្នុងវត្តអារាមនេះ ។

ម្យ៉ាងទៀត សមិទ្ធផលទាំងឡាយ ដែលបានមកពីការចូលរួមបច្ច័យ ជាមហាសាមគ្គីរបស់ពុទ្ធបរិស័ទជិតឆ្ងាយ គឺដោយសារតែពួកគាត់ មានជំនឿលើការដឹកនាំរបស់ព្រះចៅអធិការ គណៈកម្មការអាចារ្យវត្តនោះផងដែរ ទើបពុទ្ធបរិស័ទរបស់យើង បាននាំមកនូវបច្ច័យយ៉ាងច្រើន ដើម្បីកសាងមហាកុដិ ក៏ដូចជាសមិទ្ធផលនានា ជាច្រើនទៀត នៅក្នុងវត្តអង្គួញដីសេរីសុខា ដែលត្រូវសម្ពោធ ដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ ៕

To Top