ព័ត៌មានអន្តរជាតិ

ការអភិវឌ្ឍបៃតងរបស់ចិន​ រួមចំណែកដល់ការអនុវត្ត​ របៀបវារៈអង្គការសហប្រជាជាតិ​ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងរយៈពេលជាងទស្សវត្សចុងក្រោយនេះ ប្រទេសចិនក្រោមការដឹកនាំរបស់ លោកប្រធានរដ្ឋចិន ស៊ី ជីនពីង ជាមេដឹកនាំស្នូល បានយកចិត្តទុកដាក់ខ្ពស់​ ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន តាមរយៈការដាក់ចេញ​ នូវគំនិតផ្តួចផ្តើមនានា រួមទាំង “គំនិតផ្តួចផ្តើមប្រទេសចិនដ៏ស្រស់ស្អាត”។ 

តាមទស្សនៈរបស់លោក ស៊ី ជីនពីង “ទឹកថ្លា និងភ្នំខៀវស្រងាត់” គឺជាទ្រព្យសម្បត្តិមានតម្លៃ​ មិនអាចកាត់ថ្លៃបាន និងត្រូវការជាចាំបាច់ក្នុងការឈានទៅបង្កើតគំរូកំណើនដែលមិនប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅ​ របស់ប្រជាជនចិនប្រកបដោយនិរន្តរភាព។ ជាការពិតណាស់ ប្រទេសចិនបានសម្រេចនូវសមិទ្ធផល​ គួរឱ្យស្ញប់ស្ញែងជាច្រើនក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតង។

គិតត្រឹមឆ្នាំ ២០២១ ប្រទេសចិន​ បានកសាងរោងចក្របៃតងចំនួន ២.៧៨៣ កន្លែង សួនឧស្សាហកម្មបៃតង ចំនួន ២២៣ និងសហគ្រាសគ្រប់គ្រង​ ខ្សែច្រវាក់ផ្គត់ផ្គង់បៃតង ចំនួន ២៩៦ ដែលទាំងអស់នេះ​ បានរួមចំណែកជាវិជ្ជមាន​ ដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងជំរុញការអភិវឌ្ឍបៃតង។ ទីក្រុងធំៗមួយចំនួននៅប្រទេសចិន ដែលធ្លាប់រងគ្រោះដោយអ័ព្ទពុល និងកម្រមើលឃើញពន្លឺព្រះអាទិត្យ ឥឡូវនេះទទួលបានជោគជ័យ​ ក្នុងការប្រយុទ្ធប្រឆាំង​ ការបំពុលបរិយាកាស ហើយអាចមើលឃើញ​ ផ្ទៃមេឃពណ៌ខៀវ និងទទួលបានខ្យល់អាកាសបរិសុទ្ធឡើងវិញ។

គុណភាពខ្យល់ក្នុងទីក្រុង ១៣ របស់ចិន មានការកើនឡើងពី ៣២% ក្នុងឆ្នាំ២០១៣ រហូតដល់ ៧៤% ក្នុងឆ្នាំ២០២១។ ជាមួយនឹងវឌ្ឍនភាពទាំងនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តរបៀបវារៈអង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីឆ្នាំ២០១៧ ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា “យើងគួរតែប្រកាន់យក​ នូវទស្សនៈវិស័យថ្មីមួយនៃការអភិវឌ្ឍបៃតងប្រកបដោយភាពចីរភាព និងកាបូនទាប” និងបានស្នើឱ្យបង្កើត​ នូវសម្ព័ន្ធអន្តរជាតិសម្រាប់ការអភិវឌ្ឍបៃតង ហើយប្រទេសចិន​ នឹងផ្តល់ការគាំទ្រ។ ជាការពិតណាស់ ខុសពីប្រទេសមួយចំនួន ចិនគឺជាប្រទេសមួយដែល “ហ៊ាននិយាយ ហើយហ៊ានធ្វើ” ហើយបានបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែង​ ជាមួយបណ្តាប្រទេសនានាជាច្រើន ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន​ លើការអភិវឌ្ឍបៃតង។

ដូចមានគូសបញ្ជាក់​ ក្នុងសៀវភៅសស្តីពី “ការអភិវឌ្ឍបៃតងរបស់ចិន ក្នុងយុគសម័យថ្មី” ចេញផ្សាយដោយក្រុមប្រឹក្សារដ្ឋចិន កាលពីខែមករា ឆ្នាំ២០២៣ ប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ច​ អាកាសធាតុសកល ការកសាងខ្សែក្រវាត់ និងផ្លូវបៃតង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ​ ទាំងក្នុងក្របខណ្ឌទេ្វភាគី និងពហុភាគី ដើម្បីជំរុញការអភិវឌ្ឍបៃតង។ 

ចាប់តាំងពីឆ្នាំ២០១៦ មក ប្រទេសចិនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកំពុងអភិវឌ្ឍន៍នានា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដោយបានបើកដំណើរការតំបន់បង្ហាញការបញ្ចេញកាបូនទាបចំនួន ១០ កន្លែង អនុវត្តគម្រោងកាត់បន្ថយ និងបន្ស៊ាំអាកាសធាតុចំនួន ១០០ គម្រោង ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការឆ្លើយតប​ នឹងការប្រែប្រួលអាកាសធាតុដល់សិក្ខាកាមជាង ១០០០ នាក់ និងអនុវត្តកម្មវិធីជំនួយបរទេស​ ស្តីពីការប្រែប្រួលអាកាសធាតុជាង ២០០កម្មវិធី។

ទន្ទឹមនឹងនេះ ប្រទេសចិន​ ក៏បានដាក់ចេញគំនិតផ្តួចផ្តើមសម្រាប់ភាពជាដៃគូខ្សែក្រវាត់ និងផ្លូវ ស្តីពីការអភិវឌ្ឍបៃតងជាមួយប្រទេសចំនួន ៣១ បង្កើតភាពជាដៃគូថាមពលខ្សែក្រវាត់ និងផ្លូវជាមួយ ៣២ ប្រទេស និងជួយបណ្តុះបណ្តាលសិក្ខាកាមជាង ៣០០០ នាក់ មកពី ១២០ ប្រទេស ក្រោមកម្មវិធីបេសកជនផ្លូវសូត្របៃតង។

កាលពីខែកញ្ញាឆ្នាំ២០២០ លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានប្រកាសជាលើកដំបូងថា ប្រទេសចិននឹងសម្រេចឱ្យបាននូវ “ការបំភាយឧស្ម័នកម្រិតខ្ពស់បំផុត មុនឆ្នាំ២០៣០” និង “អព្យាក្រឹតភាពកាបូនមុនឆ្នាំ ២០៦០”។ ការប្រកាសនេះបានធ្វើឱ្យប្រទេសចិន​ ដើរតួនាទីជាប្រទេសគំរូមួយ​ លើឆាកអន្តរជាតិ ក្នុងការកសាងពិភពលោកមួយ​ ឆ្ពោះទៅរកការអភិវឌ្ឍបៃតង ប្រកបដោយភាពស្រស់បំព្រង បរិស្ថានល្អ និងចីរភាព។

បើនិយាយពីទំនាក់ទំនងកម្ពុជា-ចិនវិញ ក្នុងនាមជាមិត្តដែកថែប ប្រទេសចិនក៏បានបង្កើតកិច្ចសហប្រតិបត្តិការ​ ស្តីពីការជំរុញការអភិវឌ្ឍបៃតង​ ជាមួយកម្ពុជាផងដែរ។ ជាក់ស្តែងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ កាលពីខែតុលា ឆ្នាំ២០២៣ ប្រទេសទាំងពីរ​ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា​ ស្តីពីការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប ដោយអនុវត្តនូវកិច្ចសហប្រតិបត្តិការ និងការប្តូរទស្សនៈគ្នា​ លើវិស័យសំខាន់ៗ ដូចជា៖

 (១) ការអភិវឌ្ឍអរិយធម៌អេកូឡូស៊ី (២) ដំណោះស្រាយការប្រែប្រួលអាកាសធាតុ (៣) ការអភិវឌ្ឍបៃតង (៤) ការសន្សំសំចៃថាមពល និងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធផល (៥) ដោះស្រាយការបំពុលប្លាស្ទិក និង (៨) ការការពារបរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលដើរដោយពន្លឺព្រះអាទិត្យ និងប្រភពថាមពលស្អាតដទៃទៀត ដើម្បីស្វែងរកដំណោះស្រាយ​ កិច្ចសហប្រតិបត្តិការថាមពលបៃតង និងជំរុញការបង្កើតគម្រោង​ តំបន់បង្ហាញការបញ្ចេញកាបូនទាបកម្ពុជា-ចិន នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ស្តីពីការប្រែប្រួលអាកាសធាតុ នៅខេត្តព្រះសីហនុផងដែរ។

សរុបមក ដំណើរឆ្ពោះទៅរក​ ការអភិវឌ្ឍបៃតងរបស់ចិនមិន​ត្រឹមតែផ្តល់ផលប្រយោជន៍​ ដល់ប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកជាវិជ្ជមានដល់កិច្ចប្រឹងប្រែងសកល ក្នុងការអនុវត្តរបៀបវារៈអង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយប្រកបដោយពណ៌បៃតង និងភាពស្រស់ស្អាតសម្រាប់មនុស្សជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕  ដោយ ហ៊ូ ចំរើន អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

To Top