ពីរខែបន្ទាប់ ពីប្រទេសចិន និង Nauru ស្តារទំនាក់ទំនងការ ទូតឡើងវិញ លោកDavid Adeang ប្រធានាធិបតី Nauru បានអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ លើកដំបូង នៅប្រទេសចិន ហើយបានផ្តល់បទសម្ភាសន៍ផ្តាច់មុខ ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ។
លោកDavid Adeang ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍកម្រិតខ្ពស់ របស់ប្រទេសចិន ដែលបន្តអស់រយៈពេលជាច្រើនទសវត្សរ៍ ។ លោកមានប្រសាសន៍ថា ខ្ញុំរំភើបចិត្តយ៉ាងខ្លាំង ដោយសារបានទទួលការស្វាគមន៍ និងការរាប់អានដ៏កក់ក្តៅ ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន ។ ខ្ញុំក៏ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសក្ដានុពលដ៏ធំ និងទស្សនវិស័យដ៏ទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរក្នុងវិស័យ ដែលភាគីទាំងពីរចាប់អារម្មណ៍ដូចគ្នា ។
លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្ត ស្តីពីការផ្តាច់អ្វីដែលគេហៅថា “ទំនាក់ទំនងការទូត” ជាមួយតៃវ៉ាន់ ហើយស្តារទំនាក់ទំនងការទូតឡើងវិញ ជាមួយប្រទេសចិន បានទទួលការគាំទ្រ ដែលមិនធ្លាប់មានកាលពីមុនរៀង មកនៅក្នុងសភា Nauru ហើយ Nauru សង្ឃឹមថានឹងឈរ នៅខាងត្រឹមត្រូវ នៃប្រវត្តិសាស្ត្រ ។ ប្រទេសNauruនិងចិនមិនមានជម្លោះទេ យើងសង្ឃឹមថា នឹងក្លាយជាដៃគូសហប្រតិបត្តិការរបស់ចិន ដោយសារយើង បានឃើញសក្តានុពលធំ នៃការអភិវឌ្ឍរបស់ប្រទេសចិន ។
លោកបានកោតសរសើរថា គំនិតផ្តួចផ្តើមជាសកលដែលលើកឡើង ដោយប្រទេសចិនបានចាក់បញ្ចូលភាពកម្លាំងថ្មី ទៅក្នុងពិភពលោក។ លោកបានបន្តថា ការរីកចម្រើនរបស់ប្រទេសចិន មិនបានលះបង់ផលប្រយោជន៍ របស់ប្រទេសដទៃនោះទេ៕ អត្ថបទ និងរូបដោយវិទ្យុមិត្តភាព កម្ពុជាចិន