កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម នៅថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៤ នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំសូមឱ្យកម្លាំង នគរបាលបន្តថែរក្សាសន្តិសុខ សម្រាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា មន្ត្រីនគរបាលទាំងអស់ សូមយកចិត្តទុកដាក់ នូវកិច្ចការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ ពីព្រោះនេះជាភារកិច្ចអត្ថភាពទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកកម្លាំងនគរបាលយើង បានធ្វើកិច្ចការនេះ បានល្អប្រសើរហើយ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ត្រីនគរបាលយើង ត្រូវតែបន្ត ធ្វើឱ្យល្អថែមទៀត ដើម្បីធានាឲ្យការរស់នៅរបស់បង ប្អូនប្រជាពលរដ្ឋបានសុខសាន្ត ពោលគឺ មិនមានការរំខាន ដោយគ្រឿងញៀន ដោយអំពើចោរកម្ម ល្បែងស៊ីសង ឬបទល្មើសនានា ការរស់នៅរបស់ប្រជាពលរដ្ឋ ។
ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រដ្ឋាភិបាល ត្រូវពង្រឹងផ្នែកណាដែលនៅសេសសល់ យករឿងនោះមកសិក្សា និងធ្វើការឱ្យបានហ្នត់ចត់ ប្រកបដោយការទទួលខុសត្រូវនូវមុខងារ ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ ៕