តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានទទួលការវិនិយោគចំនួន ២,៩ពាន់លានដុល្លារនៅក្នុងប្រទេសរបស់លោកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft Corp. របស់សហរដ្ឋអាមេរិក ក្នុងវិស័យបញ្ញាសិប្បនិមិត្ត ខណៈដែលលោកបានចាប់ផ្តើមការចូលរួមជាបន្តបន្ទាប់កាលពីថ្ងៃអង្គារក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក គីស៊ីដា ក្នុងរដ្ឋធានីសហរដ្ឋអាមេរិក ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានបង្ហាញពីការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុន ដែលមិនធ្លាប់មាននៅក្នុងប្រទេសអាស៊ី ដែលរួមមានវិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន ដែលចាំបាច់សម្រាប់ការប្រើប្រាស់ប្រព័ន្ធ AI និងដើម្បីជំរុញកុំព្យូទ័រ Cloud។
លោក គីស៊ីដា បានមកដល់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងដោយមេដឹកនាំជប៉ុន ក្នុងរយៈពេល ៩ឆ្នាំ ដោយប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ចំពេលមានការអះអាងកាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកបានប្រាប់ Smith បានឲ្យដឹងថា វាមានសារៈសំខាន់ សម្រាប់ក្រុមហ៊ុនជប៉ុន ក្នុងការធ្វើការជាមួយក្រុមហ៊ុនសកលដូចជា Microsoft ដោយបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនអាមេរិកនឹងបន្តជួយជំរុញការអភិវឌ្ឍន៍ប្រព័ន្ធ AI នៅក្នុងប្រទេសអាស៊ី។
ប្រភពក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុន Microsoft គ្រោងនឹងបើកមូលដ្ឋានស្រាវជ្រាវនៅទីក្រុងតូក្យូ ដែលជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសជប៉ុន ក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវលើវិស័យ AI និងមនុស្សយន្ត៕
ប្រែសម្រួល ឈូក បូរ៉ា