ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំក្រសួងធនធានទឹក ត្រូវបន្តពង្រីកសក្តានុពល ប្រភពផ្គត់ផ្គង់ទឹក

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តពង្រីកសក្តានុពលប្រភពផ្គត់ផ្គង់ទឹក តាមរយៈការកសាងទំនប់អាងស្តុកទឹក និង ប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងធនធានទឹក និង ឧតុនិយម និង ស្ថាប័នក្រោមឱវាទ ត្រូវបន្តអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធជាមួយ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន គ្រប់រាជធានី-ខេត្ត ក្នុងអភិក្រម «ជីវភាព នៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីទប់ស្កាត់ និងកាត់បន្ថយ គ្រោះមហន្តរាយបង្ក ឡើងដោយធម្មជាតិ ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារទឹកប្រកបដោយគុណភាព និងការពង្រឹង ប្រសិទ្ធភាពព្យាករទឹកជំនន់ និងធាតុអាកាស។

សម្ដេចធិបតី គូសបញ្ជាក់ថា «ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តពង្រីកសក្តានុពលប្រភពផ្គត់ផ្គង់ទឹក តាមរយៈការកសាងទំនប់អាងស្តុកទឹក និង ប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើការសិក្សាប្រកប ដោយលក្ខណៈវិទ្យាសាស្រ្ត ដើម្បីធានាបាននូវ ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និងសម្រាប់បម្រើឱ្យផលិតកម្មលើគ្រប់វិស័យ ក៏ដូចជាជួយដល់ការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត»។

សម្ដេចធិបតី បន្ដថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានកាន់តែមានប្រសិទ្ធភាពជាមួយក្រសួង-ស្ថាប័ន ព្រមទាំងជាមួយប្រទេសជាសមាជិកគណៈកម្មការទន្លមេគង្គ, ដៃគូសន្ទនា និងដៃគូអភិវឌ្ឍ ដើម្បីសម្រេចឱ្យបានការអភិវឌ្ឍប្រកបដោយចីរភាពធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គ។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តឱ្យក្រសួងធនធានទឹក និង ឧតុនិយម បន្តកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីលទ្ធភាពថវិកាសម្រាប់ការកសាង និងការជួសជុលថែទាំ សំណង់ការងារទឹក និងជាមួយដៃគូអភិវឌ្ឍ និងស្ថាប័នផ្តល់ជំនួយនានា ដើម្បីកៀរគរថវិកា សម្រាប់គាំទ្រដល់ការគ្រប់គ្រង, ការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា៕

To Top