ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកចំហរ២៤ម៉ោង សម្រាប់ ស.ស.ក.ច. និងពាណិជ្ជករចិន ក្នុងការជួយលើកិច្ចការមនុស្សធម៌ និងសកម្មភាពនានារបស់ក្រសួង

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសបើកទ្វារចំហរ ស្វាគមន៍ ២៤ម៉ោង លើ២៤ម៉ោង សម្រាប់ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (ស.ស.ក.ច.) ក៏ដូចជាពាណិជ្ជករចិន និងសប្បរសជនចិន ទាំងអស់ ដែលមានបំណងចង់រួមចំណែក ក្នុងកិច្ចការងារមនុស្សមធ៌ ក៏ដូចជាសកម្មភាពការងារនានា របស់ក្រសួងព័ត៌មាន ។

ការលើកឡើងរបស់លោក នេត្រ ភក្ត្រា ខាងលើនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រី អនុញ្ញាតឱ្យសមាគមសារព័ត៌មានកម្ពុជា-ចិន ដឹកនាំដោយលោក លីវ ស៊ាវគ័ង អនុប្រធាន សមាគម អមដំណើរដោយ លោក ស៊ុយ សុឃុន អគ្គលេខាធិការ លោក សយ សុភា អគ្គលេខាធិការរងនិងជាទីប្រឹក្សាក្រសួងព័ត៌មាន លោកស្រី មុ ហ៊ុយអ៊ីង ហិរញ្ញឹក និង លោក Kevin Lou នាយកប្រតិបត្តិ និងជាស្ថានិក ក្រុមហ៊ុន One Road Group ព្រមទាំងជាប្រធាន អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ចូលជួបសម្តែងការគួរសម និងនាំយកអំណោយ ជាអង្ករ ២តោន ឧបត្ថម្ភដល់ក្រសួង សម្រាប់បម្រើដល់ការងារមនុស្សធម៌ និងសកម្មភាពនានា របស់ក្រសួងព័ត៌មាន នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងព័ត៌មាន ។

ថ្លែងប្រាប់សារព័ត៌មាន ដើមអម្ពិល ក្រោយបញ្ចប់ជំនួបនេះ លោក សយ សុភា អគ្គលេខាធិការរង នៃសមាគមសារព័ត៌មានកម្ពុជា-ចិន បានឱ្យដឹងថា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងនូវសំណូមពរ និងការប្រកាសស្វាគមន៍ ជូ នដល់សមាគមអ្នកសារព័ត៌មានកម្ពុជាចិន ក៏ដូចជាពាណិជ្ជករចិន ជាពិសេសក្រុមហ៊ុន One Road គ្រុប ក្នុងការបំពេញបេសកកម្មការងាររួមគ្នា ក៏ដូចជាលើកិច្ចការងារមនុស្សធម៌ ដែលលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិងកំពុងយកចិត្តទុកដាក់ ទៅលើកិច្ចការងារនេះ ទាំងក្នុងក្របខណ្ឌក្រសួង ក៏ដូចជានៅក្នុងក្របខណ្ឌ រាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋានខេត្តក្រចេះ ។

លោក សយ សុភា បានឱ្យដឹងទៀតថា លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនដែលបានបត្ថម្ភអង្ករចំនួន ២តោន ជូនដល់ក្រសួងនាឱកាសនេះ ដើម្បីលោកមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការជួយបន្ត ក៏ដូចជាជួយសម្រួលដល់ការលំបាក របស់មន្ត្រីនៃក្រសួងព័ត៌មាន ក្នុងរង្វង់២ទៅ៣រយនាក់ ដែលកំពុងជួបការខ្វះខាត ដែលលោករដ្ឋមន្ត្រីបានចាត់ទុកថា នេះគឺជាទិសដៅអទិភាព នៅក្នុងកំណែទម្រង់ស្ថាប័នរបស់ក្រសួងព័ត៌មាន នៅក្នុងការធ្វើឱ្យជីវភាពមន្ត្រីរាជការ កាន់តែល្អប្រសើរ មុននឹងទៅបម្រើដល់ការផ្ដល់សេវាសាធារណៈ ជូនដល់អ្នកសារព័ត៌មាន ក៏ដូចសាធារណៈជន ពាក់ព័ន្ធលើវិស័យព័ត៌មាន ។

លោកអគ្គលេខាធិការរងសមាគន៍សារព័ត៌មានកម្ពុជា-ចិន បានបញ្ជាក់ថា ក្នុងនោះលោករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះសមាគមអ្នកសារព័ត៌មានកម្ពុជាចិន ដែលបានរួមចំណែក ក្នុងការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ដល់សមាជិក ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីឱ្យធានាបានថា អ្នកសារពត៌មាន ពិតជាបានចូលរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ ជូនដល់សាធារណជន ឲ្យបានយល់ឲ្យបានជ្រាប ជាពិសេសអំពីទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ដោយសង្ឃឹមថាការផ្សព្វផ្សាយនេះ នឹងបន្តទៅមុខទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាអ្វីហៅថា ឆ្នាំ២០២៤ ជាឆ្នាំទំនាក់ទំនងរវាងប្រជាជនទាំងពីរកាន់តែស្អិតរមួតថែមទៀត ។

ឆ្លៀតក្នុងឱកាសនេះ លោក Kevin Lou នាយកប្រតិបត្តិ និងជាស្ថានិក ក្រុមហ៊ុន One Road Group បានអបអរសាទរ និងជូនពរលោករដ្ឋមន្ត្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ហើយបានអះអាងថា ក្រុមហ៊ុនរបស់លោក បានត្រៀមលក្ខណៈរួចរាល់ នៅក្នុងការបន្តសហការ ជាមួយនឹងលោករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្នុងក្រសួងព័ត៌មាន ដើម្បីពង្រឹងដល់ការផ្សព្វផ្សាយ ជុំវិញក្រុមហ៊ុនរបស់លោក ក៏ដូចជាការផ្ដល់ការគាំទ្រ សម្រាប់អំណោយឧបត្ថម្ភ ជូនដល់ក្រសួងព័ត៌មាន នៅក្នុងការជួយដល់ប្រជាពលរដ្ឋ ហើយនិងមានជំនឿថា អង្ករ២តោននេះ នឹងបានរួមចំណែកជួយដល់មន្ត្រីរាជការក្រសួងព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ ដែលជួបការខ្វះខាតផងដែរ។

លោក ខេវិន ក៏បានសុំអញ្ជើញលោករដ្ឋមន្រ្តី ទស្សនកិច្ច នៅក្រុមហ៊ុនរបស់លោកផងដែរ ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី នឹងទៅទស្សនកិច្ច ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ៕

To Top