គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Focus.ua បានរាយការណ៍ថា នាវាបំពាក់ដោយមីស៊ីលរបស់រុស្ស៊ី Serpukhov ដែលឈរជើងនៅសមុទ្របាល់ទិក ត្រូវបានពន្លត់ភ្លើង រួចរាល់ហើយ ប៉ុន្ដែមិនទាន់ដំណើរការនៅឡើយទេ ដោយដកស្រង់សម្តីអ្នកនាំពាក្យ សម្រាប់ចារកម្មយោធាអ៊ុយក្រែន។
លោក Andriy Yusov អ្នកនាំពាក្យបានឲ្យដឹងថា កប៉ាល់នៅតែអណ្តែត នឹងត្រូវការ “យូរណាស់” ដើម្បីជួសជុល ដោយសារឧបករណ៍ទំនើបៗរបស់វាត្រូវបានខូចខាត។
យោងតាមទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានឱ្យដឹងថា ឧបករណ៍ទំនាក់ទំនង និងស្វ័យប្រវត្តិកម្មរបស់នាវាត្រូវបាន “បំផ្លាញទាំងស្រុង” ។
លោក Yusov បានបន្ថែមថា អ៊ុយក្រែនជឿជាក់ថា រុស្ស៊ីកំពុងពិចារណាផ្ទេរកប៉ាល់នេះ ទៅសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Yusov បានលើកឡើងដោយមិនបង្ហាញថាតើអ៊ុយក្រែន ជាអ្នកទទួលខុសត្រូវចំពោះការឆាបឆេះនេះថា “ការបញ្ឆេះ និងភ្លើង ខ្ញុំអាចនិយាយថា មិនមែនជារឿងចៃដន្យនោះទេ”។
ដោយឡែក ទូរទស្សន៍ សាធារណៈរបស់អ៊ុយក្រែន Suspilne ក៏ដូចជាកាសែត Kyiv Post និង The Kyiv Independent ដែលដកស្រង់ប្រភព ពីចារកម្មយោធា បានចុះផ្សាយថា ចារកម្មយោធា របស់អ៊ុយក្រែន ជាអ្នកនៅពីក្រោយការបាញ់ប្រហារនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា