ព័ត៌មានជាតិ

ក្រសួងឧស្សាហកម្ម បង្ហាញគម្រោង ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តម្លៃជាង៣០លានដុល្លារ នៅខេត្តស្វាយរៀង

ស្វាយរៀង៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២៤បានអញ្ជើញបើកការដ្ឋានសាងសង់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀងដែលមានតម្លៃជាង ៣០លានដុល្លារអាចផ្គត់ផ្គង់ទឹកស្អាតបាន៦.៨០០ ម៉ែត្រគូបក្នុងថ្ងៃ។ 

លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានថ្លែងថា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនសរុបចំនួន ៣.៩៨ ពាន់លានយ៉េនជប៉ុន ដែលស្មើនឹងប្រមាណ ៣០.៦០ លានដុល្លារអាមេរិក។

លោកបានបន្ថែមថា ប្រទេសជប៉ុនបាននិងកំពុងសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន ហើយលោកជឿជាក់ថាជប៉ុនបានរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ លើសពីនេះក៏សូមលើកឡើងពីសមិទ្ធផលដែលយើងសម្រេចបានក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតដោយមានប្រវត្តិសាស្ត្រយូរអង្វែងនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់នេះ ហើយប្រទេសជប៉ុនបានរួម ចំណែកយ៉ាងសំខាន់ក្នុង ការធ្វើឱ្យប្រសើរឡើងនូវគុណភាព នៃការរស់នៅរបស់ប្រជាជន។ នេះជាការពិតជាពិសេសទាក់ទង នឹងគម្រោងជោគជ័យក្នុងទីក្រុងភ្នំពេញដែលត្រូវ បានគេចងចាំថាជា “ភ្នំពេញអច្ឆិយៈ”។

ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូតជប៉ុន សង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីក្នុងខេត្តស្វាយរៀងនេះដែលបានកំណត់យកខែធ្នូ ឆ្នាំ២០២៥ជាកាលបរិច្ឆេទបញ្ចប់ការសាងសង់ នឹងត្រូវបានអនុវត្តយ៉ាងរលូន និងជោគជ័យ ហើយនឹងរួមចំណែកដល់ការរស់នៅឲ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ប្រជាពលរដ្ឋនៅក្រុងស្វាយរៀង សូមសម្តែងការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាល ជប៉ុន ដែលជានិច្ចជាកាលបានផ្តល់ជំនួយឥតសំណងជាបន្តបន្ទាប់ ដើម្បីគាំទ្រវិស័យទឹកស្អាតរបស់កម្ពុជា។ ការគាំទ្រទាំងនេះបានបន្តចូលរួម លើកកម្ពស់វិបុលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានបន្សល់ទុកនូវមរតកដែលមិនអាចបំភ្លេចបាន នៅក្នុងដំណើរអភិវឌ្ឍន៍សង្គម- សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាពិសេសប្រជាពលរដ្ឋនៅក្រុងស្វាយរៀងបានប្រើប្រាស់ទឹកស្អាត ដែលជាការលើកកម្ពស់សុខមាលភាពជូនពលរដ្ឋផងដែរ។

បន្ថែមលើសពីនេះលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍បានថ្លែងថា ថ្ងៃនេះជាទិវាដ៏នក្ខត្តឫក្ស ដែលយើង បានមកជួបជុំគ្នា ដើម្បីប្រារព្ធពិធីបើកការដ្ឋាន សាងសង់គម្រោង ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀង ។ គម្រោងដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តក្រោមជំនួយ ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិ ការអន្តរជាតិជប៉ុន (JICA)។ ថវិកាសរុបសម្រាប់ការអនុវត្តគម្រោងនេះគឺ ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក)។

រដ្ឋមន្ត្រីបានបន្ថែមថា គ្រោងចាប់ផ្តើមដំណើរការនៅខែកុម្ភៈ ឆ្នាំ២០២៤ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥ គម្រោងនេះបង្ហាញនូវវឌ្ឍនភាពថ្មីមួយដ៏សំខាន់ នៃការ កសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តស្វាយរៀង។ ផ្អែកលើភាពជោគជ័យនៃកិច្ចខិតខំកន្លងមក ដូចជាគម្រោងកសាងសមត្ថភាពអង្គភាព រដ្ឋាករទឹកសាធារណៈជំហានទី២ និងជំហានទី៣ ដែលបានបញ្ចប់ និងគម្រោងរៀបចំប្រព័ន្ធទិន្នន័យគ្រប់គ្រងបណ្តាញទឹកស្អាត (Mapping System) ដែលកំពុងអនុវត្ត គម្រោងថ្មីនេះត្រូវបានរំពឹងថានឹងបង្កើនសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វាយរៀងដល់ ៦.៨០០ម៉ែត្រគូបក្នុង១ថ្ងៃ។ នៅឆ្នាំ២០២៧ ពោលគឺ២ឆ្នាំក្រោយការបញ្ចប់គម្រោង ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងអស់ត្រូវបានព្យាករណ៍ថានឹង មានទឹកស្អាតប្រើប្រាស់ ដែលនេះជាការបោះជំហានមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏សូមឱ្យចំណង មិត្តភាព សាមគ្គីភាព និងឧត្តមភាពនៃកិច្ចសហប្រតិបត្តិការ ដ៏ស្អិតរមួតរវាងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន រឹងមាំ ស្ថិតស្ថេរជាអមតៈ៕

To Top