ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចនៅប្រទេសក្បែរខាងកម្ពុជា មិនមានសកម្មភាពឡើងដល់កម្ពុជានោះទេ ។ បើតាមសម្តេចសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៤នេះ រំពឹងថា នឹងឡើងដល់៦,៦% ។ នេះបើការអះអាងរបស់សម្តេច ក្នុងឱកាសពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ នៅព្រឹកថ្ងៃ១១ មេសា ។
សម្ដេចធិបតី បានពោលពាក្យពីសេដ្ឋកិច្ចថា ធ្វើយ៉ាងណាត្រូវឲ្យមានលំនឹង ព្រោះពេលខ្លះមានការចុះនិងឡើងខ្ពស់ផងដែរ ទៅតាមវិបត្តិសង្គមជាក់ស្តែងកើតឡើងក្នុងពិភពលោក ដោយពេលខ្លះវិបត្តិសេដ្ឋកិច្ចកើតឡើងតែឯងក៏មាន ដោយអត់មានរឿងជំងឺរាតត្បាតមកលាយឡំ ។
សម្ដេចថ្លែងបន្តថា ចាប់ពីឆ្នាំ២០១៩មក ជួបវិបត្តិនឹងជំងឺរាតត្បាត បូកជាមួយសេដ្ឋកិច្ច បន្ទាប់មកកើតមានសង្គ្រាមនៅក្រៅប្រទេសផ្ទួនៗទៀត ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា រហូតមកដល់ម៉ោងនេះ ទោះបីជាមានការថយចុះបន្តិចក្តីកាលពីជំនាន់កូវីដ១៩ តេបានកើនឡើងនៅឆ្នាំ២០២៣ ៥,៦% ហើយឆ្នាំ២០២៤នេះរំពឹងថា នឹងកើនឡើង ៦,៦% ។ សម្ដេចថា កំណើននេះបានន័យថា សកម្មភាពសេដ្ឋកិច្ចនឹងបន្ត ហើយចំណូលរបស់ពលរដ្ឋអាចប៉ះពាល់ខ្លះ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ សេដ្ឋកិច្ចក៏មានការរស់រវើក ។
សម្ដេចបន្តថា «សេដ្ឋកិច្ចរបស់ប្រទេសខ្លះនៅជិតយើង អត់បានឡើងដល់ ៦,៦% ដូចយើងទេ…សម្រាប់កម្ពុជា រហូតមកដល់ម៉ោងនេះ ការរីកចម្រើន កំណើនសេដ្ឋកិច្ចរបស់យើងបានរក្សាលំនឹង ហើយយើងត្រូវខិតខំ ផ្នែកណាយើងអាចរុញបានយើងរុញ វិស័យទេសចរណ៍ យើងរុញដើម្បីមានកំណើនឡើងវិញ…» ៕