ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដាក់វិធានការដើម្បីទប់ស្កាត់ ការតម្លើងថ្លៃទំនិញ និងអាហារតាមរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

កំពង់ចាម ៖ ដោយមានបទពិសោធន៍ក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅ មានក្រុមអាជីវករមួយចំនួន បានឆ្លៀតឱកាស តំឡើងថ្លៃទំនិញ និងអាហារហូបចុក ពិសេសតាមរមណីយដ្ឋាននានា ទើបមុនពេលបុណ្យចូលឆ្នាំថ្មីមកដល់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់វិធានការ ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើកិច្ចការដើម្បីរក្សាតម្លៃទំនិញ ក៏ដូចជាអាហារផ្សេងៗ ឲ្យមានលំនឹងធម្មតា ។

វិធានការនេះ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីមានសមាជិកក្រុមប្រឹក្សាខេត្ត លើកអំពីបញ្ហានេះ ក្នុងអង្គប្រជុំសាមញ្ញលើកទី ៥៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា សង្ក្រាន្តឆ្នាំថ្មីនេះ សូមឱ្យគណៈកម្មការ និងមន្ត្រីពាក់ព័ន្ធ រៀបចំថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អ។ ទន្ទឹមនឹងនេះសូមឱ្យមន្ត្រីពាក់ព័ន្ធ ចុះណែនាំ និងធ្វើកិច្ចសន្យាជាមួយអាជីវករលក់ដូរ តាមអាហារដ្ឋាន ជាពិសេសនៅតំបន់រមណីយដ្ឋាននានា ដើម្បីរក្សាតម្លៃឲ្យដូចថ្ងៃធម្មតា ។ជាមួយគ្នានេះដែរ គ្រប់កន្លែងផ្ញើរយាន្តជំនិះ មន្ត្រីពាក់ព័ន្ធ ត្រូវចុះសម្របសម្រួល ធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់ទីតាំង ដោយមិនអនុញ្ញាត ឱ្យយកតម្លៃលើសពីការកំណត់ឡើយ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា វិធានការខាងលើនេះ សូមឱ្យមន្ត្រីពាក់ព័ន្ធអនុវត្តឲ្យបានម៉ឺងម៉ាត់ ក្នុងគោលបំណងធ្វើឲ្យបរិយាកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងនេះ ប្រព្រឹត្តទៅដោយរលូន នឹងជោគជ័យ ថែមទាំងបន្សល់ទុកនូវអនុស្សាវរីយ៍ ភាពសប្បាយរីករាយនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ ៕

To Top