បរទេស៖ មេដឹកនាំចិន គឺប្រធានាធិបតី ស៊ី ជិនពីង កាលពីថ្ងៃពុធ បានជួបជាមួយអតីតប្រធានាធិបតីតៃវ៉ាន់ ម៉ា យីងជឺ (Ma Ying-jeou) នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ដោយបញ្ចប់ “ដំណើរនៃសន្តិភាព” រយៈពេល ១១ ថ្ងៃក្នុងគោលបំណងលើកកម្ពស់ការបង្រួបបង្រួមរវាងកោះតៃវ៉ាន់ និងចិន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទោះបីជាការបង្រួបបង្រួមជាមួយប្រទេសចិនផ្តាច់ការមានការគាំទ្រតិចតួចនៅក្នុងកោះតៃវ៉ាន់ប្រជាធិបតេយ្យក៏ដោយ យោងទៅតាមការស្ទង់មតិសាធារណៈ លោក ម៉ា និងលោក ស៊ី បានប្រើកិច្ចប្រជុំនេះដើម្បីផ្សព្វផ្សាយចក្ខុវិស័យដែលមេដឹកនាំទាំងពីរនិយាយថាមើលទៅដើម្បីបញ្ចៀសជម្លោះ និងបញ្ជាក់ពីឫសគល់ប្រវត្តិសាស្ត្រ និងវប្បធម៌រួមគ្នាជំនួសឱ្យភាពខុសគ្នា។
បន្ទាប់ពីការចាប់ដៃគ្នារយៈពេល ១៥ វិនាទី នៅពីមុខកាមេរ៉ាមួយចំនួន មេដឹកនាំទាំងពីរបានអង្គុយចុះ ហើយថ្លែងសុន្ទរកថាខ្លីៗមួយចំនួន។ លោក ស៊ី ជិនពីង បានសរសើរលោក ម៉ា យីងជឺ ចំពោះការប្រឆាំងនឹងឯករាជ្យភាពរបស់កោះតៃវ៉ាន់ ដោយបានប្តេជ្ញាចិត្តចំពោះ “ការឯកភាពឆ្នាំ១៩៩២” ដែលចែងថាមានប្រទេសចិនតែមួយ និងជំរុញការអភិវឌ្ឍន៍ដោយសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
លោក ស៊ី បាននិយាយនៅក្នុងសុន្ទរកថាបើកថា “ជនរួមជាតិនៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាប្រជាជនចិនទាំងអស់” ។ “គ្មានការគុំគួន ឬខឹងសម្បារណាដែលមិនអាចដោះស្រាយបាននោះទេ គ្មានបញ្ហាណាដែលមិនអាចពិភាក្សាបាន ហើយក៏គ្មានកម្លាំងណា ដែលអាចបំបែកយើងបានដែរ”។
ជាការឆ្លើយតប លោក ម៉ា ដែលជាប្រធានាធិបតីតៃវ៉ាន់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ បាននិយាយថា ខណៈពេលដែលភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់បានអភិវឌ្ឍក្រោមប្រព័ន្ធផ្សេងៗគ្នា ប្រជាជនទាំងអស់ជារបស់ប្រជាជាតិចិន។
លោកបន្តថា “ប្រសិនបើសង្រ្គាមផ្ទុះឡើងរវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ វានឹងជាបន្ទុកដែលមិនអាចទ្រាំបានសម្រាប់ប្រជាជាតិចិន” ដោយបន្ថែមថា ទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ គួរតែបង្កើតស្ថានភាពឈ្នះឈ្នះ និងបន្តការអភិវឌ្ឍន៍ដោយសន្តិភាពដោយស្វែងរកមូលដ្ឋានរួម និងកំណត់ភាពខុសគ្នា៕ ប្រែសម្រួលៈ ណៃ តុលា