យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា គ្រាប់រ៉ុក្កែតប្រហែល ៤០ គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ លើតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែលកាលពីយប់ថ្ងៃសុក្រ ដោយមិនបណ្តាលឱ្យមានអ្នករងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។
គ្រាប់រ៉ុក្កែតបានបាញ់ស៊ីរ៉ែននៅក្នុងសហគមន៍ជាច្រើននៅទូទាំងតំបន់កាលីឡេខាងលើក្នុងភាគខាងជើងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagar បានប្រាប់សន្និសីទសារព័ត៌មានថា គ្រាប់រ៉ុក្កែតភាគច្រើនបានធ្លាក់ក្នុងវាលចំហរ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
ក្រុមយោធាលីបង់ហេសបូឡាហ៍ Hezbollah បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា បានបាញ់រ៉ុក្កែត Katyusha រាប់សិបគ្រាប់ទៅលើទីតាំង Al-Zaoura ក្នុងទឹកដី ដែលកាន់កាប់។
ក្រុមនេះ បានឲ្យដឹងថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភូមិ Aita al-Shaab និង Al-Taybeh កាលពីព្រឹកព្រលឹម។
យោងតាមសេចក្តីថ្លែងការណ៍យោធាអ៊ីស្រាអែល ការវាយប្រហារបានផ្តោតលើមូលដ្ឋានយោធារបស់ក្រុម Hezbollah ក្រុមប្រដាប់អាវុធ និងគណបក្សនយោបាយគាំទ្រដោយអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា