ព័ត៌មានជាតិ

សម្តេចធិបតី ឯកភាពបង្កើនប្រាក់កម្រៃ ម៉ោងបង្រៀន និងម៉ោងស្រាវជ្រាវដល់យោធាចារ្យ

ភ្នំពេញ៖ ឆ្លើយតបនឹងសំណើររបស់ សកលវិទ្យាល័យការពារជាតិ ចំពោះការបង្កើនប្រាក់កម្រៃម៉ោងបង្រៀន និងម៉ោងស្រាវជ្រាវ របស់យោធាចារ្យ ត្រូវបានសម្តេចធិបតី ប្រកាសឯកភាព។

ការឯកភាពរបស់សម្តេចធិបតី ក្នុងឱកាស អញ្ជើញសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នាថ្ងៃទី១៩ មេសា ។

ក្នុងវេទិកាខាងលើនេះ សកលវិទ្យាល័យការពារជាតិ បានស្នើសុំដល់សម្តេចធិបតី ក្នុងការបង្កើនប្រាក់កម្រៃម៉ោងបង្រៀន និងប្រាក់កម្រៃស្រាវជ្រាវរបស់យោធាចារ្យ ឲ្យបានទៀងទាត់និងតាមគោលការណ៍ ។

ឆ្លើយតបនឹងសំណើរខាងលើ សម្តេចនាយករដ្ឋមន្ត្រី បានឲ្យក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដើម្បីពិនិត្យលើកិច្ចការងារនេះ និងបានឱ្យពិនិត្យមើលថា តើ​អាចមានគោលការណ៍អ្វីបន្ថែម សម្រាប់យោធាចារ្យផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “នៅជើងគោកខ្ញុំបានសាកល្បង អនុវត្តកម្មវិធីបន្ថែមមួយចំនួន ហើយគិតគូររឿងនឹង ព្រោះវិនិយោគទៅលើគ្រូសំខាន់ណាស់ វិនិយោគទៅលើគ្រូ មិនប្រគល់តែភារកិច្ច ប្រគល់តែការទទួលខុសត្រួវ​នោះទេ តែត្រូវគិតគូអំពីជីវភាពរស់នៅ ជាពិសេសម៉ោងបង្រៀននេះ ទី១អ្វីដែលមានគឺថាដោះឲ្យចេញ ពិនិត្យមើលលទ្ធភាពអ្វីបន្ថែមផ្ទាល់ សម្រាប់អ្នកដែលបង្រៀនពិតប្រាកដតែម្តង” ។

សម្តេចធិបតី បន្តថា “ចឹងសូមឲ្យក្រសួងការពារជាតិ សូមឲ្យពិនិត្យមើលហើយរៀបចំ ទៅលើកិច្ចការងារនេះ ​ឲ្យបានដោយប្រសិទ្ធភាពតែម្តង ហើយម៉ោងស្រាវជ្រាវអ្វីក៏ត្រូវគិត”៕

To Top