ព័ត៌មានជាតិ

សម្ដេចតេជោ ៖ គណៈរដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ធ្វើការបានយ៉ាងល្អ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានមានប្រសាសន៍ថា គណៈរដ្ឋមន្ត្រីថ្មី បានធ្វើការយ៉ាងល្អ ដោយរក្សាបានស្ថិរភាព និងកំពុងបន្តជំរុញការអភិវឌ្ឍ។

ការលើកឡើងរបស់ សម្ដេចតេជោ នាឱកាសអនុញ្ញាតអោយ លោក Pierre Tami (សែន សិលា) ជាសហគ្រិនសង្គម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១៩ មេសា ។

លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយសម្តេចតេជោ ក្នុងពេលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃដែលលោកបានធ្វើជូនកម្ពុជា ហើយបច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិនសង្គម។

សម្ដេចតេជោ បានស្វាគមន៍ និងសម្ដែងនូវការរីករាយដែលបានជួបលោក សែន សិលា ដែលជាមិត្តភក្ដិចាស់ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលការជួបលើកចុងក្រោយគឺនៅ ឆ្នាំ២០២២ នៅដាវូស ប្រទេសស្វីស ។

លោក សែន សិលា ក៏បានរំលឹកពីពេលវេលាដែល លោកនិង កូនស្រី បានជួបសម្តេចតេជោ ដំបូងនៅឆ្នាំ១៩៩៧ នៅក្រុងកំពង់សោម ។ លោកបានលើកឡើងថា ប្រវត្តិសាស្ត្រកម្ពុជាបានកត់ត្រាយ៉ាងច្បាស់នូវភាពជោគជ័យរបស់សម្តេចតេជោ ក្នុងការកសាងកម្ពុជា ចាប់តាំងទសវត្ស៨០មក ឲ្យទទួលបាននូវសន្តិភាពពេញលេញ និងកំពុងស្ថិតនៅក្នុងសករាជថ្មីនៃការអភិឌ្ឍកាន់តែរីកចម្រើនឥតឈប់ឈរ។

លោកថា នៅពេលនេះ សេដ្ឋកិច្ចរបស់កម្ពុជា ជាសេដ្ឋកិច្ចដែលផ្អែកលើជំនាញដែលនឹងអនុញ្ញាតឲ្យឈានទៅ សម្រេចគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ ។ ទោះបីជាពេលនេះ មានការផ្ទេរការដឹកនាំទៅអ្នកជំនាន់ថ្មីក៏ដោយ ក៏វត្តមានរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែមានសារៈសំខាន់សម្រាប់ការអភិឌ្ឍន៍ប្រទេសកម្ពុជា ។ លោកមានបំណងចង់បម្រើ សម្តេចតេជោ បន្តទៀត និងសូមទទួលនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ម្តេច ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានអរគុណ លោក សិលា ដែលបានរំឰក អំពីអតីតកាលនៃការជួបលោកនិង កូនស្រី នៅ១៩៩៧ នៅកំពង់សោម ។ សម្តេចបន្តថា កាលពី៨ខែមុន សម្តេចបានសម្រេចចិត្តផ្ទេរការដឹកនាំទៅអ្នកជំនាន់ថ្មី ហើយជាលទ្ធផល មរតសន្តិភាពនៅតែមានបន្ត កំណើនសេដ្ឋកិច្ចក៏នៅតែមានបន្តផងដែរ ។ គណៈរដ្ឋមន្ត្រីថ្មី ធ្វើការយ៉ាងល្អ ដោយរក្សាបាននូវស្ថិរភាព និងកំពុងបន្តជំរុញការអភិវឌ្ឍន៍។

សម្តេចតេជោ បានគូសបញ្ជាក់ថា កាលពីឆ្នាំ១៩៨៧ សម្តេច បានកំណត់អទិភាព ៤ គឺ «ទឹក ផ្លូវ ភ្លើង មនុស្ស» បន្ទាប់មក កាលពីជាង១០ឆ្នាំមុន សម្តេចតេជោ ក៏បានប្ដូរដាក់មនុស្ស មកជាអាទិភាពទី១ វិញ។ រាជរដ្ឋាភិបាលថ្មី បានដាក់មុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ជាមុំ បច្ចេកវិទ្យា និងបានដាក់គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈយុវជនចំនួន ១.៥ លាននាក់ ហើយសេដ្ឋកិច្ចកម្ពុជា គឺផ្អែកលើចំណេះដឹង និងជំនាញ។

សម្តេចតេជោ អរគុណលោក សែន សិលាបានជួយបណ្តុះបណ្តាលជំនាញខាងបដិសណ្ឋាកិច្ចកន្លងមក និង លើកទឹកចិត្តឲ្យបន្តការបណ្ដុះបណ្ដាលនេះបន្ថែមទៀត ទៀត។ ចុងក្រោយ សម្តេចតេជោបានយល់ព្រមស្នើតែងតាំង លោក សែន សីលា ជាទីប្រឹក្សាសម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា៕

To Top