ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានឲ្យដឹងថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះវិធានការរឹតត្បិតថ្មីរបស់សហរដ្ឋអាមេរិកលើផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់ចិន។
អ្នកនាំពាក្យរបស់ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការថ្មីដែលអាចបង្កើនពន្ធបីដងលើផលិតផលទាំងនេះ ជាធម្មតាជាសកម្មភាពឯកតោភាគី និងការការពារនិយម ហើយការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន គឺគ្មានមូលដ្ឋាន។
សហរដ្ឋអាមេរិក កំពុងបន្តដើរលើផ្លូវខុស ដោយសារខ្លួនបានព្រងើយកន្តើយនឹងច្បាប់ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមាននិន្នាការនយោបាយ បានរំលោភលើអ្វីដែលគេហៅថា នីតិវិធីត្រួតពិនិត្យពន្ធដារផ្នែកទី៣០១ និងទាមទារដោយបើកចំហនូវការកែសម្រួលពន្ធតាមអំពើចិត្តលើផលិតផលចិន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា វិធានការនេះនឹងមិនជួយដោះស្រាយបញ្ហា ដែលឧស្សាហកម្មក្នុងស្រុករបស់សហរដ្ឋអាមេរិក ប្រឈមមុខនោះទេ ហើយសកម្មភាពរបស់សហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធលើប្រទេសផ្សេងទៀតឱ្យរឹតបន្តឹងផលិតផលរបស់ចិន នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។
ក្រសួងបានឲ្យដឹងទៀតថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួន បញ្ឈប់ការដំឡើងពន្ធលើផលិតផលចិន និងលុបចោលជាបន្ទាន់នូវពន្ធបន្ថែមលើប្រទេសចិន ដោយបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា