នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ រួមជាមួយលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ស្ថានភាពអាងទឹកបត់រកា និងទីតាំងដែលត្រូវស្តារជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមខ្វះទឹកធ្ងន់ធ្ងរនៅបណ្តាឆ្នាំខាងមុខ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា អាងទឹកបត់រកា ស្ថិតនៅក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មានទំនប់ប្រវែង ៨៤៣ម៉ែត្រ សំណង់ទ្វារទឹកចំនួន ២កន្លែង ដែលមានប្រភពទឹកមកពីទន្លេបាសាក់ និងទឹកភ្លៀង មានផ្ទៃអាងទំហំ ១៨៦ហិកតា អាចស្តុកទឹកបាន ៣ ៤០០ ០០០ ម៉ែត្រគូប មានលទ្ធភាពស្រោចស្រពលើដីស្រូវវស្សាចំនួន ២៦៨ហិកតា និងស្រោចស្រពដីស្រូវប្រាំងចំនួន ២៣៨ហិកតា។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា តាមការពិនិត្យជាក់ស្តែងលើការប្រើប្រាស់ទឹកអាងកន្លងមកទឹកសម្រាប់ស្រោចស្រពស្រូវរដូវវស្សា និងស្រូវរដូវប្រាំងមិនមានការខ្វះខាតនោះទេ គឺមានការខ្វះខាតទឹកសម្រាប់តែផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ នៅចន្លោះខែមីនា ដល់ខែមិថុនា ដោយសារអាងគោករាក់ និងតម្រូវការទឹកប្រើប្រាស់មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបន្តឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ស្ថានីយផលិតទឹកស្អាតបត់រកា បានបូមទឹកអាងបត់រកាក្នុង១ថ្ងៃប្រមាណ ៤០០០ម៉ែត្រគូប ដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋចំនួន ៦៩៣៩គ្រួសារ ដែលកំពុងរស់នៅតាមភូមិចំនួន៥៧ នៃឃុំចំនួន៥ ក្នុងស្រុកសំរោង ខេត្តតាកែវ។
លោករដ្ឋមន្ត្រីបានឯកភាពលើការស្នើសុំរបស់តំណាងស្ថានីយផលិតទឹកស្អាត ក្នុងការស្តារអាងទឹកបត់រកាចំនួន៥ហិកតា ដើម្បីរក្សាទឹកសម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅរដូវប្រាំង។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីបញ្ជាក់ថា ស្ថានីយផលិតទឹកស្អាតបត់រកាត្រូវទទួលបន្ទុកស្តារអាងទឹកបត់រកា គិតចាប់ពីពេលនេះក្នុងទំហំ៥ហិកតារយៈពេល២ឆ្នាំ ហើយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងក្រុមការងារក្រសួងមានតួនាទីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការស្តារឱ្យបានត្រឹមត្រូវតាមបទដ្ឋានដែលមានស្រាប់ ដើម្បីជៀសវាងការអនុវត្តខុសពីបច្ចេកទេស។
គួរបញ្ជាក់ថា ជាដំណោះស្រាយបន្ទាន់ អាជ្ញាធររួមជាមួយស្ថានីយផលិតទឹកស្អាតបត់រកាបានយកទឹកពីស្រះឯកជនមួយកន្លែងនៅក្បែរស្ថានីយ ដើម្បីយកទឹកទៅផ្គត់ផ្គង់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយក្នុងពេលជាមួយគ្នានេះ គ្រឿងចក្រក៏បានបញ្ជូនទៅដល់ទីតាំងស្តារផ្ទៃអាងផងដែរ។
អាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ បានសម្តែងនូវក្តីរីករាយនិងសូមគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានអន្តរាគមន៍ទាន់ពេលវេលា៕