ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន»

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅតែប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញាស្តីពី «ការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា»។

នាឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃ២២ មេសា សម្តេចធិបតីលើកឡើងអំពីបញ្ហានៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលនៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍជារួម បូករួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវាអ៊ីនធឺណិត ដែលមានគុណភាព ។ ដោយទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវបានបញ្ចូលទៅជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា។

សម្ដេចធិបតីមានប្រសាសន៍ថា «កម្ពុជា នៅតែមានការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា»។

សម្ដេចធិបតីបន្ដថា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ ក្រោមប្រធាបទ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីអំពីពិភពលោកមួយដែលគ្មានមីន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៥-២៩ វិច្ឆិកា។ សម្តេចធិបតី បានអំពាវនាវ ឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ ក៏ដូចជាគាំទ្រ និងចូលរួមនៅក្នុង ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ៕

To Top