ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ ​ជំរុញ​ឱ្យ​អាមេរិក​ ពិចារណា​ឡើងវិញ ​នូវ​ទណ្ឌកម្ម​លើ​អង្គភាព ​យោធា​អ៊ីស្រាអែល

China Daily

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីខុទ្ទកាល័យសង្គ្រាមអ៊ីស្រាអែល លោក Benny Gantz បានជំរុញរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងការហៅទូរស័ព្ទឱ្យពិចារណាឡើងវិញ នូវទណ្ឌកម្ម ដែលអាចកើតមាន ប្រឆាំងនឹងអង្គភាពយោធា អ៊ីស្រាអែល។

ការអំពាវនាវជាមួយលោក Blinken បានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែលបានរាយការណ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក អាចនឹងដាក់ទណ្ឌកម្ម កងវរសេនាតូច Netzah Yehuda របស់កងកម្លាំងការពារ អ៊ីស្រាអែល (IDF) ដែលត្រូវបានចោទប្រកាន់ ពីបទរំលោភសិទ្ធិមនុស្ស នៅតំបន់ West Bank ។

លោក Gantz បានប្រាប់លោក Blinken ថាការផ្លាស់ប្តូរនេះនឹង “ធ្វើឱ្យប៉ះពាល់ដល់ភាពស្របច្បាប់របស់អ៊ីស្រាអែល ក្នុងគ្រាមានសង្រ្គាម” ដោយអះអាងថា “វាគ្មានហេតុផលនោះទេ ពីព្រោះអ៊ីស្រាអែល មានប្រព័ន្ធតុលាការរឹងមាំ និងឯករាជ្យ”។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថានឹងប្រយុទ្ធប្រឆាំងនឹងទណ្ឌកម្មណាមួយដែលត្រូវបានដាក់លើផ្នែកខ្លះនៃ IDF ដោយ “កម្លាំងទាំងអស់” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃសៅរ៍។

កងកម្លាំង IDF បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កងវរសេនាតូច Netzah Yehuda បច្ចុប្បន្នកំពុងចូលរួមក្នុងការប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប។ យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងវរសេនាតូចកំពុងធ្វើប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ និងក្លាហានស្របតាមក្រមសីលធម៌របស់ IDF និងជាមួយនឹងការប្តេជ្ញាចិត្តពេញលេញ ចំពោះច្បាប់អន្តរជាតិ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top