ព័ត៌មានជាតិ

ក្រសួងការងារ​ សហការជាមួយស្ថានឯក អគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្រ្កាន្តខ្មែរនៅកូរ៉េ

សាធារណរដ្ឋកូរ៉េ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយក្រុមការងារ ESEA រៀបចំកម្មវិធី “មហាសង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅក្រុងអានសាន នៃសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញ ចូលរួមពី លោកស្រីឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ គណៈប្រតិភូក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ: តំណាង លោករដ្ឋមន្ត្រី អភិបាលរងក្រុងអានសាន បងប្អូនអនិកជនខ្មែរ ពលករ សិស្ស-និស្សិត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនកុះករ។

ការៀបចំពិធីសង្ក្រាន្តខ្មែរឆ្នាំថ្មី ជូនសហគមន៍ខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងសិក្សានៅសាធារណរដ្ឋកូរ៉េ នាពេលនេះ គឺអនុវត្តន៍តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ។ បើទោះបីស្ថិតនៅក្រៅប្រទេសក្តីក៏បងប្អូន អាចជួបជុំចូលរួមរីករាយអបអរសាទរ បុណ្យប្រពៃណីជាតិ របស់ខ្លួនបាន។

កម្មវិធីមហាសង្ក្រាន្តខ្មែរនៅកូរ៉េ ដ៏អធិកអធមនាឆ្នាំនេះ ចាប់ផ្តើមដោយពិធីសាសនា ស្របទៅតាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនារបស់ខ្មែរ ការលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែង ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាព ។ បន្ថែមពីនេះ កម្មវិធី ក៏មានការដាក់បង្ហាញ ស្តង់ម្ហូបអាហារខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ផលិតផលខ្មែរជាច្រើន ជាពិសេសមានការប្រគំ តន្រ្តីដោយមានការចូលរួម សម្តែងពីក្រុមសិល្បៈពីព្រះរាជាណាចក្រកម្ពុជារាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។ កម្មវិធីនេះមានការចូលរួម ពីសំណាក់សហគមន៍ខ្មែរ សិស្ស-និស្សិត និងពលករខ្មែរប្រមាណជាង ១ម៉ឺននាក់។

សូមបញ្ជាក់ជូនថា សាធារណរដ្ឋកូរ៉េ គឺជាទីផ្សារការងារល្អមួយ មានលក្ខខណ្ឌការងារ ប្រសើរ និងប្រាក់ខែខ្ពស់ ដែលមានប្រទេសជាច្រើន ប្រកួតប្រជែងចង់បាន ។ បងប្អូនពលករ ដែលមានឱកាសមកធ្វើការនៅសាធារណរដ្ឋកូរ៉េ ក៏ដោយសាររាជរដ្ឋាភិបាលកម្ពុជា ដែលបានកសាង ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពរីកចម្រើន ទាំងវិស័យការទូត សេដ្ឋកិច្ច ទេសចរណ៍ និងការងារ ៕

To Top