ភ្នំពេញ៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រិភូ របស់ក្រសួង នាំយកថវិកា ចំនួន ៥៤ ២១១ ១០០៛ និង ៥៤០ ដុល្លារ ដែលជាថវិកាវិភាគទានស្ម័គ្រចិត្ត របស់មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ទៅប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឆ្លៀតក្នុងឱកាសនោះ លោក ឈឹម សៅគី បានមានប្រសាសន៍ថា ដើម្បីចូលរួមជាមួយការបេ្ដជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាឱ្យបាននូវប្រក្រតីភាព និងនិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះកុមារត្រូវមានសុខភាពល្អតាំងពីក្មេង កុមារត្រូវចូលរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ហើយមន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការសង្គ្រោះកុមារកម្ពុជា ជាច្រើនដោយមិនមាន ការបង់ប្រាក់អ្វីឡើយ។