ព័ត៌មានជាតិ

អ្នកសារព័ត៌មានអាជីព​ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ​ ដើម្បីទទួលបានជំនឿទុកចិត្ត និងសង្គមផ្តល់តម្លៃ 

ភ្នំពេញ៖​ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន​ បានលេីកឡេីងថា ការផ្សព្វផ្សាយព័ត៌មាន​ ដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ ឬប្រភេទរូបភាពផ្សេងទៀត ដូចជារូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សា យ៉ាងចំហរស្រស់ៗ ដោយមិនមានបិទបាំងត្រឹមត្រូវ​ តាមបទដ្ឋានវិជ្ជាជីវៈ ឬការរាយការណ៍ព័ត៌មាន​ ដោយអសីលធម៌ ខុសគន្លងវិជ្ជាជីវៈ គឺប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីសីលធម៌ល្អ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ព្រមទាំងប៉ះពាល់ ដល់សិទ្ធិឯកជនភាព និងតម្លៃរបស់អ្នកដទៃ។

ទាំងនេះសុទ្ធសឹងជាទង្វើ​ ដែលអ្នកសារព័ត៌មានមិនត្រូវធ្វើដាច់ខាត ព្រោះជាទង្វើប្រាសចាក​ ពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ។

លោក ទេព អស្នារិទ្ធ បានលេីកឡេីងទៀតថា គេបានសង្កេតឃើញទង្វើ បំពានក្រមសីលធម៌វិជ្ជាជីវៈ​ បានកើតឡើងជារឿយៗ​ ក្នុងសង្គមកម្ពុជា​ ទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន ដោយសារតែ​ ការធ្វេសប្រហែស ខ្វះការយកចិត្តទុកដាក់ ជាពិសេស​គឺការអនុវត្តការងារ​ ដោយខ្វះការទទួលខុសត្រូវ មិនបានប្រកាន់ខ្ជាប់​ នូវវិន័យការងារ ភាពថ្លៃថ្នូរក្នុងអាជីព និងការមិនគោរពក្រមសីលធម៌​ ក្នុងចំណោមអ្នកសារព័ត៌មានមួយចំនួន។

អ្នកនាំពាក្យរូបនេះ​ បានមានប្រសាសន៍ គូសបញ្ជាក់ថា ទង្វើទាំងនេះ​ បានធ្វើឱ្យតម្លៃរបស់អ្នកសារព័ត៌មាន​ ដែលបានបំពានក្រមសីលធម៌នោះធ្លាក់ចុះ ហើយមិនតែប៉ុណ្ណោះ វាប៉ះពាល់ដល់តម្លៃអ្នកសារព័ត៌មានផ្សេងទៀត​ ដែលជាអ្នកគោរពក្រមសីលធម៌វិជ្ជាជីវៈ  និងជះឥទ្ធិពលអាក្រក់ ដល់អាជីពសារព័ត៌មានទាំងមូលទៀតផង។

អ្នកនាំពាក្យក្រសួងព័ត៌មាន​ បានបន្តថាគ្រប់ការប្រកបវិជ្ជាជីវៈការងារទាំងអស់ រួមទាំងអាជីពសារព័ត៌មានផង សុទ្ធតែមានក្រមសីលធម៌​ ដែលអ្នកប្រកបអាជីពនោះ​ ត្រូវប្តេជ្ញាចិត្តគោរព និងអនុវត្តតាម ដើម្បីធានាភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម ព្រមទាំងលើកកម្ពស់តម្លៃវិជ្ជាជីវៈ។

លោក ទេព អស្នារិទ្ធ បានថ្លែងដោយសង្កត់ធ្ងន់ថា​ ក្នុងន័យនេះ អ្នកសារព័ត៌មាន មានសិទ្ធិសេរីភាពពេញលេញ ក្នុងការចុះយក និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពនោះ ត្រូវផ្សារភ្ជាប់ ជាមួយនឹងទំនួលខុសត្រូវ កាតព្វកិច្ចជាអ្នកសារព័ត៌មាន និងការប្រតិបត្តិ តាមក្រមសីលធម៌វិជ្ជាជីវៈ​ ឱ្យបានត្រឹមត្រូវ។ សូមចងចាំថា អ្នកសារព័ត៌មានមានកាតព្វកិច្ចធានាថាការផ្សព្វផ្សាយរបស់ខ្លួន មិនបំពានសិទ្ធិបុគ្គល មិនបង្កព្យសនកម្ម មិនបង្ខូចកេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ 

ជាងនេះទៀត អ្នកសារព័ត៌មានមានទំនួលខុសត្រូវ​ ក្នុងការធានាថា​ ការផ្សព្វផ្សាយរបស់ខ្លួន មិនបង្កមហន្តរាយដល់សណ្តាប់ធ្នាប់សាធារណៈ មិនបង្កហានិភ័យប៉ះពាល់​ ដល់ស្ថិរភាពក្នុងសង្គម និងសន្តិសុខជាតិ។ អ្នកសារព័ត៌មានត្រូវគោរព ស្រលាញ់ ផ្តល់តម្លៃដល់អាជីពរបស់ខ្លួន និងចូលរួមការពារតម្លៃ​ អ្នកដែលប្រកបអាជីពដូចគ្នា ព្រមទាំងលើកតម្កើងវិជ្ជាជីវៈសារព័ត៌មានកម្ពុជា​ ឱ្យកាន់តែរីកចម្រើន។

ដោយឈរលើស្មារតី​ នៃលទ្ធផលសិក្ខាសាលា​ ស្តីពីការតម្រង់ទិស​ លើក្រមសីលធម៌វិជ្ជាជីវៈ​សារព័ត៌មាន​ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ រៀបចំដោយក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវ​ ដោយគូសបញ្ជាក់បន្ថែមថា​ ការគោរពក្រមសីលធម៌​ ក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាន​ មានសារៈសំខាន់ណាស់ ដែលចាំបាច់ទាមទារ​ ឱ្យអ្នកប្រកបអាជីពសារព័ត៌មានគ្រប់រូប ត្រូវប្រកាន់ខ្ជាប់ដាច់ខាត​ ក្នុងការអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃ​ ប្រកបដោយការទទួលខុសត្រូវ ដើម្បីជាមូលដ្ឋានរឹងមាំ​ ក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈ​ សារព័ត៌មាន និងកសាងបន្ថែម​ នូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕

To Top