ព័ត៌មានអន្តរជាតិ

IEA៖ ការលក់រថយន្តអគ្គិសនី នឹងកើនឡើងខ្លាំង នៅឆ្នាំ ២០២៤ ប៉ុន្តែបញ្ហាតម្លៃ នៅតែជាបញ្ហាគន្លឹះ

បរទេស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃអង្គារ បានព្យាករណ៍ថា ការលក់រថយន្តអគ្គិសនី នឹងកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ២០២៤ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ច នៅក្នុងទីផ្សារមួយចំនួនក៏ដោយ ប៉ុន្តែទីភ្នាក់ងារនេះថា បញ្ហាតម្លៃសមរម្យ និង ហេដ្ឋារចនាសម្ព័ន្ធសាកថ្ម (កន្លែងសាកថ្មី) គឺនឹងក្លាយជាគន្លឹះ នៃកំណើននាពេលអនាគត ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ការលក់រថយន្តអគ្គិសនី នឹងកើនឡើងដល់ ១៧លានគ្រឿងនៅឆ្នាំនេះ ធៀបនឹង ១៤ លានគ្រឿង ដែលលក់ដាច់ក្នុងឆ្នាំ២០២៣ ដោយរថយន្តច្រើន ជាងមួយគ្រឿង ក្នុងចំនោមរថយន្តចំនួន ៥គ្រឿង ត្រូវបានលក់ទូទាំងពិភពលោក ត្រូវបានកំណត់ថា ជារថយន្តអគ្គិសនី ដែលកាត់បន្ថយតម្រូវការប្រេង សម្រាប់ការដឹកជញ្ជូនតាមផ្លូវ។ ១០លានគ្រឿងនៃរថយន្តទាំងនោះ ត្រូវបានគេរំពឹងថានឹងលក់ នៅក្នុងប្រទេសចិន។

អ្នកឃ្លាំមើលថាមពល ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បាននិយាយ អំពីទស្សនវិស័យ យានយន្តអគ្គិសនី សកលថា “ការរឹតបន្តឹងកម្រិតចំណេញ , តម្លៃលោហៈថ្មដែលងាយនឹងបង្កជាហេតុ, អតិផរណាខ្ពស់ និងដំណាក់កាល នៃការលើក ទឹកចិត្តក្នុងការទិញ នៅក្នុងប្រទេសមួយចំនួនបានបង្ក ឱ្យមានការព្រួយបារម្ភអំពីល្បឿន នៃកំណើន នៃឧស្សាហកម្មនេះ ប៉ុន្តែទិន្នន័យ នៃការលក់ជាសកលនៅតែរឹងមាំ” ។

ការលក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះបានកើនឡើង ២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ IEA បាននិយាយថា ទោះបីជាអត្រានោះ មិនផ្លាស់ប្តូរពីត្រីមាសទី ១ នៃឆ្នាំ ២០២៣ ធៀបនឹងរយៈពេលដែលអាចប្រៀប ធៀប បានក្នុងឆ្នាំ២០២២ ក៏ដោយ ក៏វាស្ថិតនៅលើមូលដ្ឋាន នៃយានយន្តធំជាង។

ទោះជាយ៉ាងណាក៏ដោយ ចំណែក នៃការទិញសរុបរបស់រថយន្តអគ្គិសនី នឹងប្រែប្រួលយ៉ាងទូលំទូលាយតាមតំបន់ ដែលតំណាងឱ្យការទិញ រថយន្តប្រហែលមួយគ្រឿង ក្នុងចំនោមការទិញរថយន្តចំនួន៩គ្រឿង នៅសហរដ្ឋអាមេរិក, មួយគ្រឿងក្នុងចំនោមរថយន្ត ៤គ្រឿង នៅអឺរ៉ុប ប៉ុន្តែជិតពាក់កណ្តាល នៅក្នុងប្រទេសចិន , នេះបើតាមតាមការព្យាករណ៍ របស់ IEA ៕
ប្រែសម្រួលៈ ណៃ តុលា

To Top