បរទេស៖ បុគ្គលិកយោធាអាល្លឺម៉ង់ជាង ៣.០០០ នាក់ កាលពីថ្ងៃអង្គារ គឺកំពុងចូលរួមក្នុងសមយុទ្ធ Grand Quadriga 2024 ដែលបានចាប់ផ្តើមនៅប្រទេសលីទុយអានី។ សមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធ Steadfast Defender 24 ស៊េរីធំជាងរយៈពេលជាច្រើនខែរបស់អង្គការណាតូ ដែលបានចាប់ផ្តើមនៅចុងខែមករា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសលីទុយអានី មានព្រំប្រទល់ជាប់នឹងតំបន់ Kaliningrad របស់រុស្ស៊ី ក៏ដូចជាសម្ព័ន្ធមិត្តជិតបំផុតរបស់មូស្គូ គឺប្រទេសបេឡារុស្ស។ នៅក្នុងការអភិវឌ្ឍន៍ដាច់ដោយឡែកមួយនៅដើមខែនេះ ទីក្រុងប៊ែរឡាំងបានដាក់ពង្រាយក្រុមយោធាកម្រិតខ្ពស់ទៅកាន់ប្រទេសនៅរដ្ឋបាល់ទិក ដែលជាផ្នែកមួយនៃផែនការសម្រាប់កងពលតូចពាសដែកពេញកម្លាំងដែលឈរជើងជាអចិន្ត្រៃយ៍នៅទីនោះ។ ទីក្រុងមូស្គូបានពណ៌នាផែនការនេះថា ជាការគំរាមកំហែងដែលទាមទារ “វិធានការពិសេស” សម្រាប់ជាការឆ្លើយតបវិញ។
សមយុទ្ធ Grand Quadriga 2024 គ្រោងនឹងបញ្ចប់នៅចុងខែឧសភា ហើយនឹងមានផ្នែករឹងរបស់យោធាអាល្លឺម៉ង់ចំនួន ២០០ គ្រឿង រួមទាំងរថក្រោះ Leopard ក៏ដូចជារថយន្តប្រយុទ្ធថ្មើរជើង Puma និង Boxer ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា